(សិង្ហបុរី)៖ នៅក្នុងឱកាសទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ នៅប្រទេសិង្ហបុរី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានជួបពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ជំនួបនេះ ត្រូវបានធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) ចាប់ពីថ្ងៃទី១០ ដល់១២ ខែមិថុនា នៅប្រទេសសិង្ហបុរី ហើយក្រៅពីចូលរួមកិច្ចប្រជុំនេះ សម្តេចក៏មានការជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក ចិន អូស្រ្តាលី និងសិង្ហបុរីផងដែរ៕