(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ បេក្ខជនក្រុមប្រឹក្សាសង្កាត់ភូមិ ចុះសំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ក្នុងឱកាសចុះសំណេះសំណាលនេះ លោកប្រធានក៏បានសួរសុខទុក្ខប្រជាពលរដ្ឋទាំងអស់ដល់ខ្នងផ្ទះ ដោយបានថ្លែងអំណរគុណដល់ពលរដ្ឋទាំងអស់ ដែលបានគាំទ្រឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ ក្លាយជាអ្នកដឹកនាំសង្កាត់ ដើម្បីបន្តចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ក្រោមដំបូលសន្តិភាព ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ជាមួយគ្នាក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគណបក្សមានលទ្ធភាព បន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ ក្នុងក្របខណ្ឌទូទាំងប្រទេសបន្ថែមទៀត ដូចដែលយើងបានឃើញជាក់ស្តែងកន្លងមក។
ប្រជាពលរដ្ឋបានសម្តែងសេចក្តីសប្បាយរីករាយ ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដោយបានទទួលបេក្ខជនក្រុមប្រឹក្សាដែលពួកគាត់ពេញចិត្ត ហើយពួកគាត់សន្យានឹងបន្តបោះឆ្នោតគណបក្សប្រជាជនកម្ពុជា នៅគ្រប់ការបោះឆ្នោតទាំងអស់៕