(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីបើកគម្រោងផ្ដល់សេវាលើកកម្ពស់សុខភាពសហគមន៍កម្ពុជា ជូនប្រជាពលរដ្ឋទូទៅចំនួន៥០០នាក់ នៅក្នុងភូមិវិហ៊ារសំបូ ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយគម្រោងនេះរៀបចំឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមសម្ព័ន្ធយុវជនមុស្លិកម្ពុជា (ស.យ.ម.ក) ក្រោមជំនួយរបស់សមាគម សម្របសម្រួល និងអភិវឌ្ឍហ៍សង្គម សហការជាមួយសមាគមពិភពលោកនៃក្ដីមេត្តានៃរដ្ឋកូវ៉ែត។
ពិធីនេះក៏មានការអញ្ជើញចូលរួមជា ពីសំណាក់ សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងសមាគមទាំងពីរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចំនួន៥០០នាក់ផងដែរ។
លោក ណាសៀត ហាសាន់ អាពូជូវៃត ប្រធានសមាគមពិភពលោកនៃក្ដីមេត្តា បានសម្ដែងនូវក្តីសោមន្សរីករាយ និងថ្លែងអំណគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា។
ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោលបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ដល់ប្រជាពលរដ្ឋទាំងអស់គ្នាដោយក្ដីនឹករលឹកជាទីបំផុត។
លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណដល់សមាគមទាំងពីរ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងបង្កើតកម្មវិធីផ្សេងៗ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្ររបស់ ស.យ.ម.ក ទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការបំពេញការងារដើម្បីបម្រើប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកក៏បានរំលឹកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។
លោក រ៉ូហ្វី អូស្មាន ក៏បានលើកពីរដ្ឋាភិបាលបានផ្ដល់សិទ្ធិដល់សាសនិកឥស្លាមក្នុងការប្រើប្រាស់ឯកសណ្ឋានបែបសាសនា ក្នុងសាលារៀន ទីកន្លែងធ្វើការ ទីសាធារណៈ ដើម្បីឲ្យសាសនិកឥស្លាមបំពេញកាតព្វកិច្ចជាមុស្លិម។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានផ្តល់សិទ្ធិស្លៀកពាក់បែបសាសនាសម្រាប់ការថតឯកសារសំខាន់ៗ ដូចជា ថតអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន។ល។
គួរជម្រាបផងដែរថា កម្មវិធីនេះមានគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសម្ព័ន្ធយុវជនមុស្លិកម្ពុជាចំនួន ៤៥នាក់ និងអ្នកទទួលបានការព្យាបាលចំនួន ៥០០នាក់ ដោយកម្មវិធីនេះទទួលព្យាបាលលើជំងឺទូទៅ រោគស្រ្តី ជំងឺកុមារ ជំងឺភ្នែក និងធ្វើអីកូសាស្រ្ត ហើយក្នុងរណីដែលមានអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនឹងធ្វើការរៀបចំអ្នកជំងឺដើម្បីឲ្យទទួលបានការព្យាបាល នៅរាជធានីភ្នំពេញ៕