(ភ្នំពេញ)៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សហការជាមួយ វិភាគទានច្បាប់ ក្រោមគម្រោងនៃអនុស្សារណៈនៃការយោគយល់ លើកទី២ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «បណ្តឹងតវ៉ារបស់តតិយជន» នៅមជ្ឈមមណ្ឌលមិត្តភាពកម្ពុជា-កូរ៉េ ដែលមានអ្នកចូលរួមសរុបចំនួន ៦១ អង្គ/នាក់។
ក្នុងវគ្គបណ្តុះបណ្តាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ មានអ្នកមកពីក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ចំនួន ២១ នាក់ និងមកពីស្ថាប័នផ្សេងៗ ចំនួន ៤០ អង្គ/នាក់ ដែលមានសមាសភាពដូចជា មេធាវី០៦នាក់ សិស្សមេធាវី ០៤នាក់ សិស្សក្រឡាបញ្ជី ០២នាក់ ជំនួយការមេធាវី ១៥ នាក់ មកពី ការិយាល័យផ្សេងគ្នា និសិត្ស ០៧ អង្គ/នាក់ មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ ០៣នាក់ មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ ០១នាក់ មន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ០១នាក់ និងមកពីស្ថាប័នផ្សេងៗ ០១នាក់។
សូមបញ្ជាក់ផងដែរថា កិច្ចសហការរវាងក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ជាមួយវិភាគទានច្បាប់ ក្នុងក្រមខណ្ឌអនុស្សារណៈនៃការយោគយល់ កើតចេញពីគំនិតផ្តួចផ្តើមរបស់ស្ថាបនិក វិភាគទានច្បាប់ គឺ លោកស្រីមេធាវី ទេព បូផល និងលោកមេធាវី លី រដ្ឋធី ប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងចំបងចំនួន ៣គឺ៖
* ១៖ រួមចំណែកក្នុងការផ្សព្វផ្សាយក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការរដ្ឋប្បវេណី ឱ្យកាន់តែទូលំទូលាយ មានភាពច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រកបវិជ្ជាជីវៈមេធាវីលើវិស័យរដ្ឋប្បវេណី
* ២៖ ចូលរួម និងបង្កើនការយកចិត្តទុកក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់មេធាវី និងជំនួយការ ច្បាប់នៅក្នុងក្រុមមេធាវី ទាក់ទងនឹងវិស័យរដ្ឋប្បវេណី ជាពិសេសការរៀបចំលិខិតស្នាម ឱ្យស្របតាមទម្រង់ដែលច្បាប់បានកំណត់ និងការធ្វើបច្ចុប្បន្នភាពអំពីច្បាប់ និងការពន្យល់អំពីច្បាប់
* ៣៖ ផ្សព្វផ្សាយច្បាប់ តាមរយៈប្រព័ន្ធសារព័ត៌មានដែលមានលក្ខណៈស្តង់ដារ និងមានវិសាលភាពផ្សព្វផ្សាយយ៉ាងទូលំទូលាយទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់វគ្គបណ្តាលបណ្តាល ស្តីពី បណ្តឹងតវ៉ារបស់តតិយជន នាថ្ងៃនេះ គឺជាវគ្គទី១ ក្នុងចំណោមវគ្គបណ្តុះបណ្តាលយ៉ាងតិចចំនួន ០៤ ដែលនឹងត្រូវរៀបចំឡើងក្នុងក្រមខណ្ឌនៃកិច្ចសហការរវាងស្ថាប័នទាំងពីរ ពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណី៕