(បន្ទាយមានជ័យ)៖ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ភរិយារបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្រប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ បានយកវ៉ែនតា ចែកជូនប្រជាពលរដ្ឋចាស់ៗចំនួន២០០នាក់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ពិធីចែកវ៉ែនតានេះ មានការចូលរួមពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក គឹង វណ្ណៈ អភិបាលរងខេត្ត មន្ត្រីជាន់ខ្ពស់ និងប្រជាពលរដ្ឋជាច្រើននាក់។
នាឱកាសនោះដែរ លោក ស សុខា បានថ្លែងថា កម្មពិធីចែកវ៉ែនតាដល់ចាស់ៗនេះ រៀបចំដោយក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តបន្ទាយមានជ័យ និងអ៉ីអុបទិក (E-OPTIC)។
លោក ស សុខា បានឱ្យដឹងថា តាមរបាយការណ៍របស់គណៈកម្មការជាតិសុខភាពភ្នែក ទៅលើការស្រាវជ្រាវថ្មីៗនេះ ថា អត្រានៃភាពពិការភ្នែកបានធ្លាក់ចុះពី ០,៣៨ មក០,៣៧% ក្នុងចំណោមពលរដ្ឋទូទៅ និងពី ២,៨% មក២,៥% ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជានិច្ចកាលតែងតែគិតគូរអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋជានិច្ច។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១១នេះ ក្រុមការងារគណៈបក្សប្រជាជនបានធ្វើពិធីចែកវ៉ែនម៉ាញ៉ូបដល់មនុស្សចាស់ចំនួន ២០០នាក់ ដោយមិនគិតថ្លៃ ដើម្បីទប់ស្កាត់ និងបង្ការភាពពិការភ្នែកនៅកម្ពុជា។
ក្នុងនោះលោក ស សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ឱ្យបានគ្រប់គ្នាដើម្បីបង្ការជំងឺផ្សេងៗក្នុងរដូវវស្សានេះ ជាពិសេសបង្ការជំងឺឆ្លងដែលបណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត ឬចំណីអាហារដែលមិនបានចម្អិនឱ្យបានត្រឹមត្រូវ។ ពិសេសត្រូវយកចិត្តទុកដាក់តាមដាន និងពិនិត្យភ្នែករបស់ខ្លួនឱ្យបានជាប្រចាំ ឬក្នុងករណីសង្ស័យ ឬមានរោគសញ្ញាពាក់ព័ន្ធនឹងភ្នែកកើតឡើង និងបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពភ្នែករបស់កុមារតូចៗ កុំបណ្តោយឱ្យលេងទូរស័ព្ទ ឬលេងហ្គេមហួសកម្រិត ដែលអាចបណ្តាលឱ្យមានបញ្ហាភ្នែកនៅពេលខាងមុខ៕