(ព្រះវិហារ)៖ លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ BM21 អគ្គបញ្ជាការ ប្រចាំសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ ព្រមទាំងចុះសួរសុខទុក្ខ កងទ័ព និងក្រុមគ្រួសារតាមខ្នងផ្ទះផងដែរ។
នៅក្នុងឱកាសនេះដែរ លោក វុធ តារ៉ា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជការដ្ឋានកាំភ្លើងធំទាំងអស់ និងក្រុមគ្រួសារ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
អភិបាលស្រុកជាំក្សាន្ត បានថ្លែងថា គោលបំណងដែលលោកដឹកនាំក្រុមការងារចុះមកបញ្ជាការដ្ឋានកាំភ្លើងធំនាពេលនេះ គឺចង់បង្កើនទំនាក់ទំនងល្អ និងបង្កើនសាមគ្គីភាព មិត្តភាព ប្រកបដោយភាពស្និតស្នាល រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅក្នុងរដ្ឋបាលស្រុកជាំក្សាន្ត ជាមួយកងទ័ពដែលស្ថិតក្នុងដែនដីរដ្ឋបាលរបស់ខ្លួន។
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋស្រុកជាំក្សាន្ត លោក វុធ តារ៉ា បានឧបត្ថម្ភថវិកាចំនួន ២លានរៀល ដល់បញ្ជការដ្ឋានកាំភ្លើងធំ និងបានទទួលសំណើរពីលោក ឡាយ តារ៉ា មេបញ្ជាការរងបញ្ជាការដ្ឋានកាំភ្លើងធំ លើការទទួលស្គាល់ការចុះបញ្ជីរដីធ្លី ដែលមានលំនៅដ្ឋានជាក់ស្តែង កំពុងកាន់កាប់ អាស្រ័យផល ជូនកងទ័ព គ្រួសារកងទ័ព ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន៕