(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការបាញ់សាកល្បងមីស៉ីលថ្មីៗ នៅឧបទ្វីបកូរ៉េ។

សេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់យ៉ាងដូច្នេះថា «អាស៊ានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនាពេលថ្មីៗ នូវការសាកល្បងមីស៉ីលអន្តរទ្វីប និងការបាញ់មីស៉ីល របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង)។ ការវិវឌ្ឍដ៏គួរឱ្យព្រួយបារម្ភនេះ បង្ហាញពីកំណើនភាពតានតឹងលើឧបទ្វីបកូរ៉េ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក»

បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន, ដោយទទួលស្គាល់ថា អស្ថិរភាពនៅឧបទ្វីបកូរ៉េប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ អាស៊ានជំរុញឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ អនុវត្តការអត់ធ្មត់ ដើម្បីកាត់បន្ថយភាពតានតឹង និងជៀសវាងសកម្មភាព ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។

សេចក្តីថ្លែងការណ៍ដដែលបន្តថា អាស៊ានសូមរំលឹកឡើងវិញ ពីការអំពាវនាវឲ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ អនុវត្តបានពេញលេញ នូវសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ដោយគិតគូរដល់ការអំពាវនាវរបស់សហគមន៍អន្តរជាតិសូម ឱ្យប្រើប្រាស់មធ្យោបាយការទូត ដើម្បីផលប្រយោជន៍នៃការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់។ កិច្ចប្រឹងប្រែងផ្នែកការទូត រួមទាំងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនាដោយសន្តិវិធី ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ គួរតែបន្តស្ថិតនៅជាអាទិភាព។

អាស៊ានសូមបញ្ជាក់សារជាថ្មី អំពីការត្រៀមខ្លួនដើម្បីដើរតួនាទីស្ថាបនា រួមទាំងតាមរយៈការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន ដើម្បីកាត់បន្ថយភាពតានតឹង និងនាំមកនូវការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដែលអាចផ្ទៀងផ្ទាត់ ហើយមិនប្រែក្រទ្បាស់បាន និងប្រកបដោយសន្តិវិធី ។ អាស៊ានសូមសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាព និងស្ថិរភាព ក៏នឹងមានសារប្រយោជន៍ ដល់ការអភិវឌ្ឍ និងវិបុលភាពសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ព្រមទាំងតំបន់ទាំងមូលផងដែរ។

សូមជម្រាបថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៉ីលផ្លោងរយៈចម្ងាយខ្លី ៨គ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងរបស់ពួកគេ ដែលមានការចូលរួមពីនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ។

បើតាមយោធាកូរ៉េខាងត្បូង, កូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលខាងលើ នៅម៉ោងចន្លោះពី៩៖០៨នាទី ដល់ម៉ោង ៩៖៤៣នាទីព្រឹក ខណៈរដ្ឋាភិបាលជប៉ុន ក៏បានទទួលស្គាល់ដែរថាទំនងជាកូរ៉េខាងជើងបានបាញ់មីស៉ីលផ្លោង។

ក្រោយមកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់សាកល្បងមីស៉ីលចំនួន ៨គ្រាប់ផងដែរ ចេញពីតំបន់ឆ្នេរសមុទ្រភាគខាងកើត បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៨គ្រាប់ កាលពីថ្ងៃអាទិត្យនោះ៕