(កោះកុង)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវឲ្យកងទ័ពត្រូវបន្ត រក្សាប្រពៃណីតស៊ូ និងស្នេហាជាតិមាតុភូមិ ហើយត្រូវរួមសាមគ្គីគ្នាជាធ្លុង ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។
ការអំពាវនាវរបស់លោកស្រីឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ ពេលដឹកនាំប្រតិភូចុះសាកសួរទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូនដល់កងទ័ព និងនគរបាលជាតិការពារខ្សែបន្ទាត់ព្រុំដែនគោលលេខ ៨២៧ និង២៦៩ តាមបណ្ដោយព្រំដែន ខេត្តកោះកុង។
លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានអំពាវនាវដល់កងទ័ព ឲ្យបន្តស្មារតីស្រឡាញ់ជាតិមាតុភូមិ និងហ៊ានលះបង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ លោកស្រី ថ្លែងដូច្នេះ «សូមបងប្អូនបន្តប្រពៃណីតស៊ូ ស្មារតីស្នេហាជាតិមាតុភូមិ ហ៊ានធ្វើពលិកម្ម និង លះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ប្រជាជន ជារួមសាមគ្គីគ្នា ស្រលាញ់គ្នាជាធ្លុងមួយ និង ត្រូវបន្តការពារបូរណភាពទឹកដី ឱ្យបានជាដាច់ខាតកុំឲ្យ ខ្មាំងសត្រូវឈ្លានពានទឹកដីបាន សូម្បីតែមួយចំអាម ហើយត្រូវបង្កើនស្មារតីសាមគ្គីភាព ក្នុងនាមជាប្រទេសជិតខាងល្អ»។
លោកស្រីឧបនាយករដ្ឋមន្ដ្រីក៏បានអំពាវនាវកងទ័ពទាំងអស់ ឲ្យខិតខំបង្កើនសមត្ថភាពជំនាញ តាមរយៈហ្វឹកហាត់ជាប្រចាំ និង ប្រកាន់ខ្ចាប់នូវវិន័យរបស់កងទ័ព រក្សាក្រមសីលធម៌ ស្អាតស្អំ កិត្តិយសថ្លៃថ្នូរ សាកសមជាកងទ័ពជាតិបម្រើប្រជាជន។ លោកស្រី ក៏បានផ្តាំផ្ញើដល់កងទ័ពយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម ជាមួយកាកបាទក្រហមកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ទ្ធទាំងអស់ ជួយប្រជាជននៅពេលដែលពួកគាត់ ជួបប្រទះគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ និង ត្រូវថែរក្សាសុខភាពឲ្យបានល្អ ព្រោះសុខភាពគឺជាប្រភពថាមពល ដ៏ស័ក្ដិសិទ្ធិ។
លោកស្រីឧបនាយករដ្ឋមន្ដ្រី ក៏បានផ្តាំផ្ញើឲ្យកងទ័ពត្រៀមខ្លួនប្រយុទ្ធជានិច្ច ដើម្បីគាំទ្រការប្រយុទ្ធឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ទល់រាល់សកម្មភាពទុច្ចរិតរបស់ខ្មាំងសត្រូវ ដែលមានបំណងឈ្លានពានទឹកដីកម្ពុជា គ្រប់រូបភាព និងហ្វឹកហាត់ហ្វឹកហ្វឺនជាអចិន្ត្រៃយ៍ ដើម្បីមានប្រៀបលើគូសត្រូវ និងរៀបចំលានដ្ឋានស្របតាមក្បួនយុទ្ធសាស្ត្ររបស់ទ័ព។
ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ក្រុមហ៊ុនគូហ៊ូឡុង បណ្ដាសម្បុរសជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្ដីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានចូលរួមបរិច្ចាក ធនធានមានទាំងសម្ភារៈ ថវិកា ដើម្បីរួមចំណែកជួយគាំទ្រ និងលើកទឹកចិត្ដដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងប្រចាំ ការក្នុងភារកិច្ច ដ៏ឧត្តមការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហានក្នុងភូមិសាស្រ្ដខេត្ដកោះកុងនេះ ឱ្យកាន់តែមានកម្លាំងចិត្ត និងភាពកក់ក្ដៅថែមទៀត។
សូមបញ្ជាក់ថា អំណោយដែលគណៈប្រតិភូយកទៅចែកជូនកងទ័ពនាពេលនោះ រួមមាន៖ អង្ករ ៧០០គីឡូក្រាម មី ៣០០កេស ត្រីខ ១០០កេស សៀង ៤០កេស ឆៃប៊ូវ ៥២០គីឡូក្រាម ទឹកស៊ីអ៊ីវ ១០០យួរ ទឹកត្រី ១០០យូរ នំប៉័ង ៣០០ដើម ម្សៅសាប៊ូ ២២០កញ្ចាប់ សាប៊ូដុំ២២០ដុំ និងថវិកា ៤,៧០២,០០០រៀល បន្ថែមពីនេះទៅទៀត។ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន សម្រាប់ការជួសជុល និង សាងសង់ជម្រកស្នាក់នៅដល់អង្គភាពចំនួន ៥,៥០០ដុល្លារផងដែរ៕