(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថាន ថាក់គ្លូប៊ល និង ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា និងការរីកលូតលាស់នៃសេដ្ឋកិច្ចឌីជីថល។ ពិធីនេះ រៀបចំធ្វើឡើងនៅទីស្ដីការក្រសួងអប់រំ។
កិច្ចសហការ រវាងក្រសួងអប់រំ និងវិទ្យាស្ថាន ថាក់គ្លូប៊ល រួមមាន៖ ការចុះហាត់ការងាររបស់សិស្ស នៃវិទ្យាស្ថាន ថាក់គ្លូប៊ល, ការផ្សព្វផ្សាយអាហាររូបករណ៍ នៃវិទ្យាស្ថាន ថាក់គ្លូប៊ល តាមបណ្ដាញសង្គម របស់ក្រសួងនានា និងកិច្ចសហប្រតិបត្តិការនានា នៅពេលអនាគតដែលជួយលើកកម្ពស់ សមត្ថភាពផ្នែកបច្ចេកវិទ្យា ដំណោះស្រាយបែបបច្ចេកវិទ្យា និងការរីកលូតលាស់នៃសេដ្ឋកិច្ចឌីជីថល។
បន្ថែមពីនេះទៀត ក្រុមការងារ វិទ្យាស្ថាន ថាក់គ្លូប៊ល ក៏បានយកឱកាសនេះ សម្ដែងការគោរព និងណែនាំថ្នាក់ដឹកនាំគ្រប់រូប ទៅកាន់រដ្ឋមន្ត្រីក្រសួង និងក្រុមប្រឹក្សាក្រសួង ដើម្បីយល់ពីគ្នា ឲ្យកាន់តែច្បាស់ ដែលជាការប្រសើរ សម្រាប់ការធ្វើកិច្ចសហប្រតិបត្តិនាពេលអនាគត ពាក់ព័ន្ធនឹងវិស័យអប់រំផ្នែក បច្ចេកវិទ្យា និងនុវានុវត្តន៍ ដើម្បីរួមចំណែកក្នុងចក្ខុវិស័យសម័យឌីជីថល នៃប្រទេសកម្ពុជា ដើម្បីក្លាយជាប្រទេស ដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ ផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធនានា បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីលើកកម្ពស់ ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា តាមរយៈវិស័យអប់រំគ្រប់កម្រិត។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតផែនការ ឆ្នាំ២០៣០ ផ្ដោតទៅលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍ ដែលការអភិវឌ្ឍធនធាន មនុស្សក្នុងវិស័យទាំងនេះ គឺជាមូលដ្ឋានគ្រិះសម្រាប់កម្ពុជា ដើម្បីក្លាយជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ផងដែរ។
វិទ្យាស្ថាន ថាក់គ្លូប៊ល ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៩ ដោយទទួលបានការឧបត្ថម្ភយ៉ាងពេញលេញ ពីក្រុមអ្នកជំនួញជនជាតិជប៉ុន និងគ្រប់គ្រងដោយអ្នកដឹកនាំបញ្ញវន្តវ័យក្មេងកម្ពុជា។ ក្នុងនោះក៏មានការគាំទ្រ និងការណែនាំពី សំណាក់បុគ្គលជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍ផងដែរ។
ចក្ខុវិស័យរបស់ វិទ្យាស្ថាន ថាក់គ្លូប៊លគឺ ដើម្បីក្លាយជាវិទ្យាស្ថានដែល ឈានមុខគេ ក្នុងការបង្កើត ធនធានមនុស្សដែលមានសមត្ថភាព បច្ចេកវិទ្យាប្រកួតប្រជែងខ្ពស់ឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
វិទ្យាស្ថាន ថាក់គ្លូប៊ល ក៏មានបេសកកម្ម ផ្ដល់នូវគុណភាពល្អបំផុត នៃការបណ្ដុះបណ្ដាលក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា។ បច្ចុប្បន្ននេះ វិទ្យាស្ថាន ថាក់គ្លូប៊ល បានកំពុងផ្ដល់នូវវគ្គបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈបច្ចេកវិទ្យា រយៈពេល១ឆ្នាំ ចំនួន៦មុខជំនាញ ដល់សិស្សសរុបចំនួន២២៥នាក់។
ជំនាញទាំងនោះរួមមាន៖ ការអភិវឌ្ឍន៍កម្មវិធី និងវេបសាយ (Web/App Development) ការរចនាUX/UI (UX/UI Design) ទីផ្សារឌីជីថល (Digital Marketing) សន្តិសុខសាយប័រ (Cyber Security) បញ្ញាសិប្បនិមិត្ត (Artificial Intelligence) និង ហិរញ្ញវត្ថុឌីជីថល (Financial Technology)។ សិស្សទាំងអស់ទទួលបានអាហាររូបករណ៍ពេញ ១០០ភាគរយ ដោយពួកគាត់ត្រូវបានឆ្លងកាត់ការជ្រើសរើស ជាច្រើនដំណាក់កាល ដោយមានការចូលរួមពីសំណាក់ភាគីជប៉ុនផងដែរ។
នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ វិទ្យាស្ថាន ថាក់គ្លូប៊ល ក៏នឹងផ្ដលនូវថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត ផ្ដោតសំខាន់ ទៅលើជំនាញដែលជាតម្រូវការទីផ្សារ ទាក់ទងនឹងនុវានុវត្តន៍ផ្នែកបច្ចេកវិទ្យា នាពេលអនាគត។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ វិទ្យាស្ថាន ថាក់គ្លូប៊លក៏បានបើកទទួលកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័ន អប់រំ និងក្រុមហ៊ុនឯកជនទាំងជាតិ និងអន្តរជាតិផងដែរ ដើម្បីផ្សារភ្ជាប់ខ្លួន ទៅកាន់វិស័យ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងពង្រីកវិសាលភាពទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់។
ដៃគូសហការនៃវិទ្យាស្ថាន ថាក់គ្លូប៊ល មាន២ប្រភេទ ដែលប្រភេទទី១ គឺស្ថាប័នរដ្ឋ និងឯកជន ដែលផ្ដោតសំខាន់ទៅ លើការចុះហាត់ការងារ ឱកាសការងារ សម្រាប់សិស្ស ដៃគូក្នុងវិស័យបច្ចេកវិទ្យា ភាពជាដៃគូនៃប្រព័ន្ធអេកូឡូស៊ី និងដៃគូប្រកបដោយនិរន្តរភាព។ ដៃគូសហការមួយប្រភេទទៀតនោះគឺ គ្រឹះស្ថានអប់រំដែលផ្ដោត ទៅលើការផ្តល់សញ្ញាបត្ររួមគ្នា ការអភិវឌ្ឍកម្មវិធីសិក្សារួមគ្នា និងកិច្ចសហប្រត្តិការទូទៅ។
មកទល់ពេលនេះ វិទ្យាស្ថាន ថាក់គ្លូប៊ល មានដៃគូសហការសរុបចំនួន ១៥ស្ថាប័នរដ្ឋ និងឯកជន ហើយក៏មានបំណង សហការជាមួយ ២២ស្ថាប័ន បន្ថែមទៀតក្នុងឆ្នាំ ២០២២-២០២៣ផងដែរ៕