(ភ្នំពេញ)៖ ព្រះរុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ ច្បាប់ស្ដីពី សុវត្ថិភាពម្ហូបអាហារ។ នេះបើតាមព្រះរាជក្រមដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ។
ច្បាប់នេះកំណត់អំពីក្របខ័ណ្ឌ និងយន្តការសម្រាប់គ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់ នៃម្ហូបអាហារ ក្នុងគ្រប់ដំណាក់កាល នៃខ្សែចង្វាក់ផលិតកម្ម ម្ហូបអាហារ ដើម្បីផ្ដល់ការការពារសុខភាព និងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឲ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់។
ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដែលគ្របដណ្តប់គ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ និងលើអាជីវកម្មម្ហូបអាហារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕