(ភ្នំពេញ)៖ វគ្គសិក្សាថ្មីរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) អំពីរបៀបសរសេរព័ត៌មានដំណឹង និងបទយកការណ៍ ចាប់ផ្ដើមចូលរៀននៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២នេះហើយ ដោយមានចំនួនសិស្សចុះឈ្មោះជាង៥០នាក់ (មួយថ្នាក់) ក្នុងមានទាំងអ្នកសារព័ត៌មាន និស្សិត បុគ្គលិកឯកជន និងមន្រ្តីរាជការផងដែរ។
ការបណ្តុះបណ្តាលលើកទី៣នេះ ធ្វើឡើងនៅទីស្នាក់ការរបស់ FTC ដែលបង្រៀនដោយផ្ទាល់ពី លោក ម៉ារ យ៉ារិទ្ធ ដែលជាប្រធានមជ្ឈមណ្ឌល FTC និងជាអ្នកសារព័ត៌មានជើងចាស់ជាង៣០ឆ្នាំមកហើយ។ នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផងដែរ។
នៅក្នុងឱកាសបើកវគ្គថ្មី អំពីរបៀបសរសេរព័ត៌មាននេះ លោក ម៉ារ យ៉ារិទ្ធិ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News បង្ហាញអំពីបទពិសោធន៍របស់លោកក្នុងការប្រឡូកជាមួយវិស័យសារព័ត៌មានរយៈពេលជាង ៣០ឆ្នាំមកនេះ។ លោកក៏បង្ហាញពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មានជូនដល់សិក្ខាកាមទាំងអស់ផងដែរ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ «FTC» ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ តាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334