(កែប)៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (ស.អ.ក.ក-CAMKAA) បានរៀបចំ «សិក្ខាសាលាសមាជិកគណៈកម្មការប្រតិបត្តិ CAMKAA» ដើម្បីពិនិត្យលើសមិទ្ធផលការងារ ដែលពួកគេបានធ្វើរួមគ្នាពេលក ន្លងមក។ កម្មវិធីនេះ រៀបចំឡើងនៅរ៉ក់រ៉ូយ៉ាល់ សណ្ឋាគារ និងរីសត ខេត្តកែប។

សិក្ខាសាលារៀបចំឡើង ក្រោមអធិបតីភាព លោក នោ ហ្យន់ជូន ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំនៅកម្ពុជា និងលោក អ៉ឹម សួរ ប្រធានសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ សិក្ខាសាលានោះក៏មានការចូលរួមពីមន្ត្រីរបស់ កយកា-KOICA និង សមាជិកគណៈកម្មការប្រតិបត្តិរបស់ CAMKAA ផងដែរ។

សូមរំលឹកថា សមាគមមានឈ្មោះជាផ្លូវការថា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ សរសេរអក្សរកាត់ (ស.អ.ក.ក) ជាភាសាអង់គ្លេស Cambodia-Korea Alumni Association សរសេរអក្សរកាត់ភាសាអង់គ្លេស (CAMKAA) គឺជាសមាគមមិនប្រកាន់និន្នាការនយោបាយ ឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញ។ CAMKAA ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០២។ សមាគមនេះស្ថិតនៅក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) នៃសាធារណរដ្ឋកូរ៉េ។ ដំបូងឡើយ សមាគមនេះមានឈ្មោះថា “ក្លឹបខ្ញុំស្រឡាញ់កូរ៉េ” ឬជាភាសាអង់គ្លេសថា “I Love Korea Club”។

សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ គឺជាវេទិកាមួយ សម្រាប់សិក្ខាកាមទំាងអស់ជាង ៣,៣៦៨នាក់ ដែលពួកគាត់បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដើម្បីទ្រទ្រង់ និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ ហើយសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ បានរៀបចំសកម្មភាពសង្គមជាច្រើន សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងប្រទេសកម្ពុជា ដោយសហការជាមួយ ការិយាល័យ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំនៅកម្ពុជា។

«សិក្ខាសាលាសមាជិកគណៈកម្មការប្រតិបត្តិ CAMKAA» ត្រូវបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំនេះ ដែលជាផ្នែកមួយនៃផែនការសកម្មភាពប្រចាំឆ្នាំរបស់ CAMKAA។ ព្រឹត្តិការណ៍នេះមានគោលបំណងដូចជា ពិនិត្យឡើងវិញនូវផែនការប្រចាំឆ្នាំ និងពិភាក្សាអំពីការរៀបចំសកម្មភាពសង្គម សិក្ខាសាលាថ្នាក់តំបន់ ការជួបជុំប្រចាំឆ្នាំ និងពិភាក្សាអំពីការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការប្រតិបត្តិ CAMKAA។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានោះ លោក អ៉ឹម សួរ បានលើកឡើងថា ឥឡូវនេះ កម្ពុជាអាចទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ បានហើយ ដូច្នេះសមាគមមានឱកាសក្នុងការពង្រីកសកម្មភាពសង្គមបន្ថែមទៀត។ ដូច្នេះហើយ ទើបសមាគមរៀបចំសិក្ខាសាលាដើម្បីពិនិត្យមើលសមិទ្ធិផលសំខាន់ៗ នៃឆ្នាំ២០២០-២០២១ ដើម្បីពិភាក្សាអំពីរបៀបវារៈសំខាន់ៗដូចជា ការរៀបចំសកម្មភាពសង្គម សិក្ខាសាលាចែករំលែកចំណេះដឹង ពិធីជួបជុំប្រចាំឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការប្រតិបត្តិរបស់ CAMKAA។

លោក នោ ហ្យន់ជូន វាយតម្លៃខ្ពស់អំពីសិក្ខាសាលានេះ ដោយលោកបានមានប្រសាសន៍ថា សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។

លោកក៏បានលើកឡើងដែរថា ការិយាល័យ កយកា-KOICA ប្រចាំប្រទេសកម្ពុជា បាននឹងកំពុងជួយដល់សមាជិក CAMKAA ដើម្បីអនុវត្តនូវអ្វីដែលពួកគេបានសិក្សា ទៅការងារជាក់ស្តែងរបស់ពួកគេ និងផ្តល់ជំនួយដល់ជនងាយរងគ្រោះតាមបណ្តាខេត្តនានាផងដែរ។ ក្នុងភាពជាដៃគូជាមួយ CAMKAA ពួកយើង ក៏បានធ្វើសកម្មភាពជាច្រើន ដើម្បីលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកូរ៉េ និងកម្ពុជា។

សិក្ខាកាមទាំងអស់បានចូលរួមយ៉ាងសកម្មនៅក្នុងសិក្ខាសាលានេះ និងបានផ្តល់ការពិភាក្សាយ៉ាងផុសផុលក្នុងកំលុងពេលសិក្ខាសាលាទៅលើប្រធានបទដែលបានលើកឡើង ដែលនាំឲ្យ សិក្ខាសាលានេះ ទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើន៕

http://image.freshnewsasia.com/2021/id-021/fn-2022-06-11-10-42-42-3.JPG