(ព្រៃវែង)៖ ស្រុកកំចាយមារ គឺជាស្រុកមួយដែលប្រជាពលរដ្ឋរហូតប្រមាណ ៩០ភាគរយ ពឹងផ្អែកលើការធ្វើស្រែ ដើម្បីទ្រទ្រង់ជីវភាព។ បច្ចុប្បន្នតម្លៃជីដែលហក់ឡើងថ្លៃធ្វើឱ្យការធ្វើស្រែរបស់ពួកគេមិនសូវសល់លុយនោះឡើយ នៅពេលប្រមូលផល។
ប្រជាពលរដ្ឋក្នុងឃុំដូនកឹង ស្រុកកំចាយមារ បានរៀបរាប់ថា ការធ្វើស្រែបច្ចុប្បន្ននេះ មិនសូវចំណេញ ហើយអ្វីដែលជាចំណោទ គឺជីតែម្តង។ បុរសរូបនេះ បានអះអាងថា ក្នុងដីមួយហិកតា គាត់ត្រូវប្រើជីប្រមាណជា ១០បេ ក្នុងមួយបេតម្លៃរហូតដល់ ១៨ម៉ឺនរៀល។ នៅពេលទទួលទទួលផល ស្រូវអ៉ីអៀ អាចទទួលផលបានប្រមាណ ៥តោនក្នុងមួយហិកតា។
គាត់បានបន្ថែមថា តម្លៃស្រូវអ៉ីអៀនេះ លក់បានតម្លៃប្រមាណ ៧០០រៀល ក្នុងមួយគីឡូក្រាម។ ដូច្នេះ បើប្រមូលផលបាន ៥តោន គឺលក់បានលុយប្រមាណ ៣លាន ៥០ម៉ឺនរៀល។ ៣លាន ៥០ម៉ឺនរៀលនេះ ផាត់ថ្លៃជិះអស់ ១លាន ៨០ម៉ឺនរៀល។ ដូច្នេះ នៅសល់ប្រមាណ ១លាន ៧០ម៉ឺនរៀល។ លុយដែលនៅសល់នេះ មិនទាន់ផាត់ថ្លៃសាំងបូមទឹក ថ្លៃភ្ជួររាស់ និងច្រូតកាត់នៅឡើយទេ។ បើផាត់ថ្លៃទាំងអស់នេះទៀត គឺនៅសល់តិចតួចបំផុត ហើយខ្លះទៀតពេលស្រូវផលមិនល្អ គឺមិនសល់តែម្តង។
ប្រជាកសិកក្នុងឃុំដូនកឹង បានលើកឡើងថា បេីអាចកាត់បន្ថយការប្រេីជី នឹងនាំឱ្យសល់លុយបានគួរសម ។ តែបេីមិនប្រេីជី គឺស្រូវមិនល្អ។ នៅពេលសួរថា ក្រៅពីប្រេីជីបេនាំពីក្រៅប្រទេសមកហ្នឹង តើអាចប្រើជីអាចម៍គោជំនួសបានទេ?
ប្រជាកសិករទាំងនោះ បានឆ្លើយថា ការប្រើជីអាចម៍គោ អាចជំនួសជីបេបាន តែបច្ចុប្បន្នពលរដ្ឋមិនសូវចិញ្ចឹមគោ ដូច្នេះអត់មានជីអាចម៍គោដាក់ស្រែនោះឡើយ។
លោក សឿង សុជាតិ អភិបាល នៃគណៈអភិបាលស្រុកកំចាយមារ បានទទួលស្គាល់ពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនេះ។ លោកបានលើកឡើងថា ការដោះស្រាយបញ្ហាតម្លៃជីនេះ គឺជាបញ្ហាមួយដែលអាជ្ញាធរស្រុកពិបាកនឹងដោះស្រាយ។
លោកអភិបាលស្រុក បានស្នើដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការរបស់រាជរដ្ឋាភិបាល ជួយអន្តរាគមន៍ និងដោះស្រាយលើបញ្ហានេះ។
«ឥឡូវនេះពលរដ្ឋរបស់យើងមានការរអ៊ូរទាំរឿងជីឡើងថ្លៃ។ រឿងជីឡើងថ្លៃ ឬថ្នាំកសិកម្មឡើងថ្លៃនេះ ទាល់តែកម្រិតរាជរដ្ឋាភិបាលទើបអាចដោះស្រាយចេញ។ សំណូមពរដល់រាជរដ្ឋាភិបាលជួយអន្តរាគមន៍រឿងនេះផង»។ នេះជាការសំណូមពររបស់លោក សឿង សុជាតិ។
សូមបញ្ជាក់ថា មិនមែនតែប្រជាកសិករក្នុងស្រុកកំចាយមារ ដែលជួបបញ្ហារឿងជីឡើងថ្លៃនេះ ប្រជាកសិករនៅតាមតំបន់ផ្សេងៗទៀត ក៏បានរអ៊ូរទាំរឿងធ្វើស្រែមិនចំណេញ ព្រោះជីឡើងថ្លៃនេះផងដែរ៕