(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យប្រតិភូរបស់អង្គការ Cambodia Vision ដឹកនាំដោយលោកស្រី យ៉ង់ ធីតា (Thida Yang) ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារមួយចំនួនទាក់ទងការចុះពិនិត្យ និងព្យាបាលជម្ងឺត្រចៀក, ច្រមុះ និងបំពង់កជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា អង្គការ Cambodia Vision គឺជាអង្គការមិនរកកម្រៃតូចមួយរបស់ប្រទេសអូស្ត្រាលី ដែលបង្កើតឡើងដើម្បីផ្ដល់ការព្យាបាល និងបង្ការភាពងងឹត និងស្ដារឡើងវិញនូវការស្ដាប់ និងនិយាយ នៅតាមតំបន់នៃ ប្រទេសកម្ពុជា ហើយអង្គការនេះ មានគម្រោងចុះមកពិនិត្យ និងព្យាបាលជំងឺភ្នែក ត្រចៀក ច្រមុះ និងបំពង់ក ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងប្រជាពលរដ្ឋជាប់ព្រំប្រទល់ខេត្តកំពង់ចាម ដោយឥតគិតថ្លៃ នាពេលឆាប់ៗខាងមុខ។
ក្នុងជំនួបដ៏ស្និតស្នាលលោក អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមប្រជាពលរដ្ឋទាំងខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ដល់ថ្នាក់ដឹកនាំអង្គការ Cambodia Vision ដែលមានគោលបំណងចុះមកពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ដោយឥតគិតថ្លៃ ដែលការពិនិត្យ និងព្យាបាលផ្ដោតទៅលើជំងឺត្រចៀក ច្រមុះ និងបំពង់ក ដែលជាជំងឺពិបាកព្យាបាល និងត្រូវការចំណាយថវិកាច្រើនប្រសិនបើអ្នកជំងឺ ទៅព្យាបាលនៅមន្ទីរពេទ្យឯកជន។
លោកអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តកំពង់ចាម នឹងធ្វើការសហការឱ្យបានល្អប្រសើជាមួយអង្គការ Cambodia Vision ក្នុងគោលបំណងជំរុញឱ្យ បេសកកម្មខាងលើ ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ក្នុងបុព្វហេតុដើម្បីសុខភាពប្រជាពលរដ្ឋ៕