(ពោធិ៍សាត់)៖ ស្ត្រីរងគ្រោះដោយសារដីធ្លីម្នាក់ឈ្មោះ ស តារ៉ាវត្តី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានសម្រេចចិត្តសរសេរពាក្យបណ្ដឹងគោរពស្នើសុំកិច្ចអន្តរាគមន៍ឱ្យជួយស្រាវជ្រាវដោះស្រាយផ្ដល់ភាពយុត្តិធម៌ សម្រាប់រូបគាត់ពីលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ដោយបានចោទប្រកាន់អ្នកជិតខាងម្នាក់ថាបានរំលោភយកដីធ្លីរបស់ខ្លួន។
លោកស្រី ស តារ៉ាវត្តី បានសម្រេចចិត្តដោយគ្មានជម្រើសផ្សេង ក្នុងការដាក់ពាក្យបណ្ដឹងស្នើសុំកិច្ចអន្តរាគមន៍ពីប្រធានមន្ទីររៀបចំដែនដី និងអភិបាលខេត្តពោធិ៍សាត់ បានធ្វើឡើងយ៉ាងត្រដាបត្រដួស និងកំពុងក្សត់ខ្សោយក្នុងជីវភាព រស់នៅ ក្រោយពីអ្នកមានដីជាប់ព្រំដីមួយកន្លែងឈ្មោះ អ៊ំ ចន្ទ្រា និងម្ដាយឈ្មោះ យាយមុយ ក្រុមគ្រួសារឈ្មោះ អ៊ំ គី (ស្លាប់) បានលួចសង់រោង ហើយឈានដល់ការសាងសង់សំណង់លំនៅដ្ឋានយ៉ាងរឹងមាំរំលោភយកដី របស់លោកស្រី ដោយគ្មានការហាមឃាត់ ឬទប់ស្កាត់ពីអាជ្ញាធរស្រុក-ឃុំ-ភូមិ និងមន្ត្រីជំនាញពាក់ព័ន្ធឡើយ។
នៅក្នុងពាក្យបណ្តឹងរបស់អ្ន កស្រី ស តារ៉ាវត្តី បានបង្ហាញថា ដីដែលកំពុងមានទំនាស់នេះមានមានទំហំ២១១០ម៉ែត្រក្រឡា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិសាន្តស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អ្នកស្រី ស តារ៉ាវត្តី បានរៀបរាប់ថា ការសម្រេចចិត្តដាក់ពាក្យបណ្ដឹងស្នើសុំកិច្ចអន្តរាគមន៍ពីលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងលោក ជាវ តាយ អភិបាលខេត្ត ដោយផ្អែកលើវត្ថុតាង ច្បាស់លាស់ (ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី) ស្របច្បាប់ ដែលមានការទទួលស្គាល់ពីអតីតអាជ្ញាធរឃុំ-ភូមិ មេប៉ុស្ដិ៍ និងប្រធានការិយាល័យសុរិយោដីស្រុក ចុះវាស់វែងកំណត់ព្រំដី ហើយមានទាំងសាក្សីក្នុងភូមិដឹងឮ និងអ្នកជាប់ព្រំដី ក៏បានចូលរួមផ្ដិតមេដៃកំណត់ព្រំដីត្រឹមត្រូវតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។
អ្នកស្រី ស តារ៉ាវត្តី បានរៀបរាប់ទៀតថា មុនពេលអ្នកស្រីសម្រេចចិត្តដាក់ពាក្យបណ្ដឹងស្នើសុំកិច្ចអន្តរាគមន៍នេះ ដោយសាររតែការដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រជាពលរដ្ឋ ស្រុកក្រគរ សាលាឃុំអន្សាចំបក់ និងមេភូមិសាន្ដស រួចរាល់ហើយដែរ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដើម្បីឲ្យជួយហាមឃាត់ និងទប់ស្កាត់មិនឱ្យមានការលក់ដូរ ជួល បញ្ចាំ ផ្ទេរកម្មសិទ្ធ ធ្វើប្លង់កម្មសិទ្ធិ សាងសង់ ធ្វើប្រទានកម្ម ឬធ្វើអំណោយដីនេះទៅអ្នកដទៃ ប៉ុន្តែមិនទាន់មានចំណាត់ការ។
បើតាមអ្នកស្រី អាជ្ញាធរក៏អញ្ជើញភាគីពាក់ព័ន្ធ (ដើមបណ្ដឹង-ចុងបណ្ដឹង-សាក្សី) ឱ្យចូលរួមដោះស្រាយក្រៅប្រព័ន្ធតុលាការ ចំនួន២លើក គឺកាលពីថ្ងៃទី៥ ខែមីនា និងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលី លោក លីវ សេងហ៉ីម អភិបាលស្រុកក្រគរ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅតែគ្មានដំណោះស្រាយ។
យ៉ាងណាក៏ដោយ ចំពោះករណីនេះភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីភាគីម្ខាងទៀតបាននោះទេ៕