(ភ្នំពេញ)៖ ក្រុមក្មេងទំនើងចំនួន៩នាក់ ដែលបង្កបញ្ហាដោយកាប់បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ៧មករា ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News។
សូមបញ្ជាក់ថា ការបង្ក្រាបក្មេងទំនើងទាំងនេះ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនក្រុមទាំងនេះ។
តាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញសកម្មភាពយ៉ាងសាហាវរបស់ក្មេងទំនើងទាំងនោះ ដែលខ្លួននៅក្មេងសោះមិនខិតខំប្រឹងប្រែងរៀនសូត្រ បែរជាទៅវាយកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បង្កភាពអាណាធិបតេយ្យសង្គមទៅវិញ៕