(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងលោកតាលោកយាយ និងប្រជាពលរដ្ឋប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អាស្រមអ្នកតាក្រហមក និងរបងហ៊ុមព័ទ្ធជុំវិញទីតាំងប្រវត្តិសាស្ត្រទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយប្រព្រឹត្តិទៅតាមទំនៀមទម្លាប់ប្រពៃណីសាសនា។

ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កន្លងមកទីតាំងនេះអាជ្ញាធរមិនទាន់បានរៀបចំឲ្យមានសោភ័ណភាពល្អ ហើយម្យ៉ាងភ្ញៀវទេសចរមួយចំនួនមិនស្គាល់ទីតាំងច្បាស់លាស់ផងនោះ ទើបធ្វើឲ្យតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះត្រូវបានមើលរំលង ប៉ុន្តែចាប់ពីពេលនេះតទៅ អាជ្ញាធរខេត្តនឹងរៀបចំតំបន់ប្រវត្តិសាស្ត្រមួយនេះឱ្យក្លាយទៅជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្ត និងស្គាល់ពីប្រវត្តិសាស្ត្រទុំទាវឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានោះ លោកអភិបាលខេត្តលើកឡើងថា ការអភិរក្សជាប្រការចាំបាច់ ស្របជាមួយនឹងការអភិវឌ្ឍគឺជារឿងដែលមិនអាចខ្វះបាន។ លោកបានណែនាំដល់មន្ទីរអង្គភាពដែលពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញទាំងអស់ត្រូវរួមគ្នាអភិរក្ស និងសហការគ្នាសិក្សាស្រាវជ្រាវរៀបចំអភិវឌ្ឍន៍ទីតាំងប្រវត្តិសាស្រ្តមួយនេះ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋមកទស្សនា និងសិក្សាស្វែងយល់។

បើតាមលោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានឲ្យថា សព្វថ្ងៃនេះ «ទួលទុំទាវ» មានទីតាំងស្ថិតនៅក្នុងភូមិជើងខាល ឃុំមង់វៀវ ស្រុកត្បូងឃ្មុំ ដែលភ្ជាប់ទៅនិងសាច់រឿងទុំទាវថាមានទីកន្លែងពិត។ យោងតាមសម្ដីអ្នកស្រុកបាននិយាយតៗគ្នាថា ដើមពោធិ៍ទុំនៅម្ខាងផ្លូវជាតិលេខ៧ និងដើមពោធិ៍ទាវនៅទល់មុខគ្នាចម្ងាយប្រហែល៤០០ម៉ែត្រ។ បច្ចុប្បន្ននេះដើមពោធិ៍ទុំដែលគេយកទុំទៅសម្លាប់ ត្រូវបានអ្នកស្រុកធ្វើខ្ទមមួយនៅខាងក្រោម និងមានរូបសំណាក់រូបអ្នកតានៅក្នុងនោះ ហើយក៏ដាក់ឈ្មោះថាទួលអ្នកតាក្រហមក។ ចំណែកឯដើមពោធិ៍ទាវ គេបានសង់ខ្ទមមួយ ដោយបានដាក់តម្កល់រូបយាយផាន់ និងនាងទាវ។

សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ ដើមពោធិ៍ក្នុងតំបន់ប្រវត្តិសាស្ត្រទុំទាវដ៏ធំមួយដែលគេឲ្យឈ្មោះថាដើមពោធិ៍អ្នកតាក្រហមក ត្រូវបានខ្យល់កន្ត្រាក់បោកដួលរលំ ហើយត្រូវបានអាជ្ញាធរខេត្តរៀបចំដាំឡើងវិញ។ ក្រោយការដួលរលំដើមពោធិ៍ដ៏ធំមួយនេះ តំបន់ប្រវត្តិសាស្រ្តទុំទាវត្រូវបានប្រជាពលរដ្ឋចាប់អារម្មណ៍ចង់ឃើញនិងស្គាល់ ដោយបានចូលទៅទស្សនាបន្ទប់បន្ទាប់ ពិសេសប្រជាពលរដ្ឋដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរ៕