(សិង្ហបុរី)៖ លោក វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានរៀបចំអាហារពេលល្ងាច ជូន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជា ព្រមទាំងបានអះអាងពីការបន្តគាំទ្រភាពជាប្រធានអាស៊ាន របស់កម្ពុជាផងដែរ។
ប្រមុខការទូតកម្ពុជា និងប្រមុខការទូតសិង្ហបុរី ដែលជាមិត្តភក្តិល្អនឹងគ្នា សុទ្ធតែបានបង្ហោះលើបណ្តាញសង្គមរៀងៗ អំពីជំនួបនៅល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរី។
លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានអរគុណគាត់ (រដ្ឋមន្រ្តីការបរទេសសិង្ហបុរី) ដែលបានរៀបចំអាហារពេលល្ងាចដ៏ឆ្ងាញ់សម្រាប់ខ្ញុំ ភរិយា និងមន្ត្រីក្រសួងការបរទេសកម្ពុជា។ យើងក៏បានឆ្លៀតឱកាសផ្លាស់ប្តូរទស្សនៈ លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហាមួយចំនួន ដែលធ្វើឱ្យតំបន់យើងទទួលរងសម្ពាធខ្លាំង។ ជាថ្មីម្តងទៀត ខ្ញុំបានថ្លែងអំណរគុណគាត់ ដែលតែងតែគាំទ្រការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ព្រមទាំងការវាយតម្លៃដ៏ល្អ និងច្បាស់លាស់របស់គាត់»។
ចំណែកឯលោក វីវៀន បាឡាគ្រីស្ហ្សណាន់ បានបញ្ជាក់ថា «នេះជាទស្សនកិច្ចលើកដំបូងរបស់គាត់ មកកាន់សិង្ហបុរី តាំងពីមានបញ្ហាកូវីដ១៩មក។ យើងបានផ្លាស់ប្តូរទស្សនៈគ្នា ពីបញ្ហាជាតិនិងអន្តរជាតិ។ សិង្ហបុរី នឹងបន្តគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជាបន្ថែមទៀត»។
មានរយៈពេល ៦ខែហើយ ដែលកម្ពុជាស្ថិតក្នុងភាពជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលបានជ្រើសយកមូលបទ អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN : Addressing Challenges Together)៕