(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ លោក ទឹម ផានូ ជាអភិបាលក្រុងច្បារមាន ជំនួសលោក ហុក ម៉ារ៉ាឌី ដែលត្រូវផ្លាស់ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនោះ លោក វ៉ី សំណាង ក៏បានកោតសរសើរចំពោះការខិតខំបំពេញការងាររបស់លោកអភិបាលក្រុងច្បារមនចាស់ លោក ហុក ម៉ារ៉ាឌី និងសូមអបអរសាទរចំពោះការចូលមកកាន់តំណែងរបស់លោកអភិបាលក្រុងច្បារមនថ្មី លោក ទឹម ផានូ។
លោក វ៉ី សំណាង ក៏បានជំរុញ និងណែនាំដល់លោកអភិបាលក្រុងច្បារមន ដែលទើបចូលកាន់តំណែង ត្រូវខិតខំបំពេញការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរជាងមុន។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក ទឹម ផានូ ជាអភិបាលនៃគណៈអភិបាលថ្មី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសលោក ហុក ម៉ារីឌី ដែលត្រូវផ្លាស់ទៅបម្រើការងារ នៅរដ្ឋបាលខេត្តកំពង់ស្ពឺ៕