(ភ្នំពេញ)៖ ឧកញ៉ា ហួ សុជាតិ អគ្គនាយកក្រុមហ៊ុន អៅវើធិចស្ដាយខូលិកស៊ិន ខូអិលធីឌី និងភរិយា ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បាននាំយកថវិកា ចំនួន១២,០០០,០០០រៀល និងសម្ភារៈមួយចំនួន រួមមាន៖ ការបូបយួរដៃ ចំនួន៤៥០ និងសម្លៀកបំពាក់កុមារចំនួន៩០០សម្រាប់ផងដែរ ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងក្រុមគ្រួសាររបស់ឧកញ៉ា ហួ សុជាតិ ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

នាកន្លងមក ឧកញ៉ា ហួ សុជាតិ និងគ្រួសារតែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភ ថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយ ឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

គួររម្លឹកថា ឧកញ៉ា ហួ សុជាតិ អគ្គនាយកក្រុមហ៊ុន អៅវើធិចស្ដាយខូលិកស៊ិន ខូអិលធីឌី កន្លងមកនេះបានផ្ដល់អំណោយជូនកាកបាទក្រហមកម្ពុជា ចំនួន៥លើករួមមកហើយ សរុប ៤២,០០០,០០០រៀល និង៣,០០០ដុល្លារអាមេរិក។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន អៅវើធិចស្ដាយខូលិកស៊ិន ខូអិលធីឌី ដែលបានចូលរួមបរិចា្ចគថវិកា និងសម្ភារមួយចំនួន សម្រាប់ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២នេះ ដើម្បីកាកបាទក្រហមកម្ពុជា បានយកទៅបន្តសកម្មភាពមនុស្សធម៌តទៅមុខទៀត។

លោកស្រីបានគូសបញ្ជាក់ថា សម្រាប់ជំនួយដែលបានមកពីសប្បុរសធម៌នានា គឺកាកបាទក្រហមកម្ពុជា បានយកទៅធ្វើជា អណ្តូងទឹក បន្ទប់ទឹក ស្ថានីយលាងដៃនៅតាមសាលារៀនទីជនបទ ធ្វើផ្ទះជូនអតីតយុទ្ឋជន ឧបត្ថម្ភទៅដល់មន្ទីរពេទ្យគន្ឋបុប្ផា អង្គការកុមាកំព្រានានា ជនមានពិការភាព ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត រួមទាំងគ្រោះដោយធម្មជាតិផ្សេងៗទៀត។

ឆ្លៀតក្នុងឱកាសនោះ ឧញ៉ា ហួ សុជាតិ បានថ្លែងផងដែរថា លោកពិតជាមានក្តីសប្បាយរីករាយ និងសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលផ្តល់ឱកាសឱ្យក្រុមហ៊ុន បានចូលរួមចែករំលែក និងបរិច្ចាគថវិកា និងសម្ភារៈមួយចំនួននេះ ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជាក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹង ភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារពាណិជ្ជកម្ម ក្រៅប្រទេសនៃកម្ពុជា ដែលមានលេខគណនីដូចខាងក្រោម៖

* ប្រាក់រៀល៖ 100004348127
* ប្រាក់ដុល្លារអាមេរិក៖ 300001709996

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង៖
* លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ ០១២ ៩២១ ១០៥
* លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖ ០១២ ៨១០ ៨៥៤
* ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ ០១៧ ២៤៨ ៨៨៨