(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា បានវាយបកភ្លាមៗតាមបណ្តាញសង្គមហ្វេសបុក ដោយប្រកាសថា លោក សម រង្ស៉ី ទៅវិញទេ ទើបជាអ្នកមានកំហុសជាប្រវត្តិសាស្រ្តធំបំផុត ដោយបានរត់ចោលស្មារតីបង្រួបបង្រួម ដែលជាបំណងប្រាថ្នាយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋខ្មែរពាក់កណ្តាលប្រទេស។

ប្រតិកម្មពីមនុស្សជំនិតរបស់លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម បានចេញមុខវាយប្រហារ លោក កឹម សុខា ដែលជាអតីតដៃគូនយោបាយរបស់ខ្លួនថាបាន «ប្រព្រឹត្តកំហុសធ្ងន់ណាស់» ចំពោះការប្រកាសមិនទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយសារថាមិនមានគណបក្សនយោបាយដែលខ្លួនពេញចិត្តនោះ។

ថ្លែងតាមបណ្តាញសង្គម Facebook លោក មុត ចន្ថា បានបញ្ជាក់ដូច្នេះថា៖ «អ្នកដែលខុសជាប្រវត្តិសាស្រ្តធំបំផុត គឺបុគ្គល សម រង្ស៉ី ដែលក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរ ដោយរត់ចោលស្មារតីបង្រួបបង្រួមដែលជាបំណងប្រាថ្នាយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋខ្មែរពាក់កណ្លាលប្រទេសដែលបានបោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ នៅឆ្នាំ២០១៣ និង ឆ្នាំ២០១៧។ បុគ្គល សម រង្ស៉ី អះអាងថាឈ្នះការបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា គឺខុសទាំងស្រុង និងដោយគ្មានការអៀនខ្មាស់»

មនុស្សជំនិតលោក កឹម សុខា បានបន្ថែមថា បុគ្គល សម រង្ស៉ី ថា បក្សភ្លើងទៀនបានឈ្នះឆ្នោតពីសូន្យកៅ មកមានកៅវិញ។ ការអះអាងនេះ គឺខុសទាំងស្រុង ព្រោះបក្សភ្លើងទៀនបានធ្វើឱ្យបាត់បង់អាសនៈ តំណែងមេឃុំ-ចៅសង្កាត់ និងសម្លេងឆ្នោតរបស់គណបក្សសង្រ្គោះជាតិលើសពីចំនួនជាងពាក់កណ្តាល។លោក សម រង្ស៉ី កំពុងព្យាយាមបៀមឈាមព្រួសដាក់អ្នកដទៃ ដើម្បីបិទបាំងភាពបរាជ័យយ៉ាងអាម៉ាស់របស់ខ្លួន។ លោកបានលើកឡើងទៀតថា៖ «សំដីរបស់បុគ្គល សម រង្ស៉ី ដែលស្រែកឡូឡាចោទដាក់គេឯងនៅពេលនេះ ប្រៀបដូចជាខ្លួនគាត់ជាឆ្កែឆ្គួត តែខំលាងខ្លួន ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរកាតទោសសម្លាប់ចោលដូចឆ្កែឆ្គួត»

សូមបញ្ជាក់ថា អតីតដៃគូនយោបាយទាំងពីរ បានវាយប្រហារគ្នាទៅវិញទៅមក។ លោក កឹម សុខា តាមរយៈមនុស្សជំនិតរបស់ខ្លួន កន្លងទៅនេះ បានប្រើប្រាស់វោហាសាស្ត្រតាមបណ្តាញសង្គម ដោយបង្ហាញថា លោក និង លោក សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតឡើយ។

ខាងក្រោមជាសារទាំងស្រុងរបស់លោក មុត ចន្ថា ដែលសរសេរវាយប្រហារខ្លាំងៗលើ សម រង្ស៉ី និងបានហៅទណ្ឌិត សម រង្ស៉ី ថា «ជាឆ្កែឆ្កួត» កំពុងស្រែកឡូឡា, សូមអានខ្លឹមសារ៖