(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង អមដំណើរដោយអភិបាលរងខណ្ឌ បានអញ្ជើញចុះជួបសំណេះសំណាល និងផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ប្រមាណ ១០២គ្រួសារ នៅសង្កាត់បឹងកេងកងទី២ និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានទទួលអំណោយជាគ្រឿងបរិភោគ ពីរដ្ឋបាលខណ្ឌបឹងកេងកង ទុកដោះស្រាយជីវភាព ខណៈជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ នៅចំពោះមុខនេះ។
ពេលនោះបងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំង១០២គ្រួសារខាងលើនោះ ពោលគឺពួកគាត់បានសម្ដែងនូវទឹកចិត្តដោយញញឹមសប្បាយរីករាយពេលបានទទួលអំណោយដោយផ្ទាល់ដៃ ពីសំណាក់លោកអភិបាលខណ្ឌ និងសហការីផងដែរ។
លោក ធឹម សំអាន បានឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រនៅថ្ងៃនេះ គឺជាគ្រឿងបរិភោគជាច្រើនមុខផងដែរ។ ឆ្លៀតក្នុងឱកាសនោះលោក ធឹម សំអាន បានលើកឡើងថា ការផ្ដល់អំណោយជូនដល់បងប្អូនទីទ័លក្រ នៅពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រាផងដែរ។
ជាមួយគ្នានេះលោក ធឹម សំអាន បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង សូមឲ្យបន្តមើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង មេរោគកូវីដ១៩ និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។ នៅពេលនេះសូមបងប្អូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ដូសទី៥ ឬដូសជំរុញនៅតាមមណ្ឌលសុខភាពឲ្យបានគ្រប់ៗគ្នាផងដែរ៕