(ភ្នំពេញ)៖ លោក រិទ្ធ ជាបងប្អូនក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត RANGE ROVER ពាក់ស្លាកលេខ 2X-9987 ដោយជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 នៅចំណុចមុខឃ្លាំង ស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បានអះអាងប្រាប់ Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃនេះថា តារាចម្រៀង ខេម របស់ផលិតកម្មថោន គឺជាអ្នកបើកបររថយន្ត RANGE ROVER និងស្ថិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ហើយបានរត់គេចខ្លួនជាមួយស្រ្តីម្នាក់ ក្រោយកើតហេតុ។
លោក រិទ្ធ ដែលជាសាច់ញាត្តិបងប្អូនជនរងគ្រោះបានបញ្ជាក់ប្រាប់ទៀតថា នៅពេលនេះ (ថ្ងៃនេះ) បងប្អូនគ្រួសារ តារាច្រៀងម ខេម រួមនឹងខាងផលិតកម្មផង បានសុំចូលខ្លួនមកចរចារដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ពាក់ព័ន្ធនឹងចំនួនទឹកប្រាក់នៃការសងសំណង មិនទាន់ត្រូវបានលោករិទ្ធ ដឹងនៅឡើយនោះទេ។ លោកបាននិយាយថា នឹងប្រាប់ឲ្យដឹងនៅពេលទទួលបានព័ត៌មានបន្ថែម។
មន្រ្តីនគរបាលចរាចរណ៍ បានបង្ហាញឈ្មោះម្ចាស់កម្មសិទ្ធិរថយន្ត RANGE ROVER ស្លាកលេខ 2X-9987 មាន «ឈ្មោះថា ឌៀប វណ្ណារ័ត្ន ផ្ទះលេខ៦៦អាអឺO ផ្លូវលេខ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ»។
សូមជំរាបថា នៅម៉ោង១២៖៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំង ស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់បានស្លាប់ ដោយគៀបជាប់នៅក្នុងរថយន្ត ដោយសារតែបើករថយន្តបុកជាមួយ នឹងរថយន្តសេរីទំនើប ១គ្រឿងទៀត ម៉ាក RANGE ROVER ដែលត្រូវបានគេស្គាល់ថា ជារបស់តារាចំរៀងមួយរូប និងជាអ្នកបើកផងដែរ ដោយបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចក៏បុកគ្នាចំពីមុខពេញទំហឹងតែម្តង។ ក្រោយពីបើកបុកស្លាប់បុរសម្នាក់ហើយ តារាចម្រៀងរូបនោះ បាននាំស្រីស្នេហ៍រត់គេចខ្លួនបាត់។
ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាម បណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្ត១គ្រឿងទៀត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿន ដូចគ្នាទិសដៅ បញ្ច្រាសគ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នា ចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ Celica ស្លាប់គៀបជាប់ក្នុងរថយន្ត។
ប្រជាពលរដ្ឋឃើញហេតុការណ៍បាននិយាយថា អ្នកបើករថយន្ត Range Rover ត្រូវបានគេស្គាល់ថា ជាតារាចំរៀងមួយរូប និងរួមដំណើរដោយនារីស្រស់ស្អាតម្នាក់ទៀត បានចុះមកពីលើរថយន្ត រួចគេចខ្លួនបាត់ រីឯរថយន្តទាំង២គ្រឿង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងកើតហេតុ និងសហការជាមួយជំនាញធ្វើការវាស់វែងស្ទូច យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕