(កណ្ដាល)៖ ថ្លែងចេញពីស្រុកអង្គស្នូល ខេត្តកណ្ដាល លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបន្ដជឿជាក់ និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានបញ្ចប់ទៅនាពេលកន្លងទៅថ្មីៗនេះ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ដ្រ ចំនួន៥ខេត្ដ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សន្លឹកឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានបង្ហាញច្បាស់ពីភាពជឿជាក់មកលើ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត បានថ្លែងយ៉ាងដូច្នេះថា «សូមអរគុណប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ក៏ដូចជានៅទូទាំងប្រទេស ដែលបានផ្តល់នូវភាពជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ជាប្រធានគណបក្ស តាមរយៈការផ្តល់ជូននូវសន្លឹកឆ្នាតគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់លើសលប់ក្នុងការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិ្តទី៥ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ»

លោកអះអាងថា នេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋជាម្ចាស់ស្រុកបានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើដោយពុំគិតពីការនឿយហត់ ព្រមទាំងបូជាលះបង់ដោយប្រទ្បូកក្នុងគ្រោះថ្នាក់ និងការលំបាកគ្រប់សព្វបែបយ៉ាង ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ច-សង្គម ធានាបាននូវភាពសុខុដុមរមនាជូនសង្គមជាតិ និងប្រជាជន។

បើតាមលោក ហ៊ុន ម៉ាណែត បន្តទៅមុខទៀត គណបក្សប្រជាជនកម្ពុជា ក៏បានប្តេជ្ញាចិត្តខិតខំបម្រីប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរួមគ្នាថែរក្សា កសាង អភិវឌ្ឍនកម្ពុជាឲ្យកាន់តែរុងរឿង និងស្ថិតស្ថេរយូអង្វែងតរៀងទៅសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

សូមរំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ ៨០.១៩ភាគរយ ស្មើនឹងជាង៧លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។ ទាំងសមាគមជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សុទ្ធតែបានវាយតម្លៃថា ការបោះឆ្នោតនេះបានប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត ដោយគ្មានការបង្ខិតបង្ខំនោះទេ។ ដោយឡែក ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅទូទាំងប្រទេស មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ៕