(ភ្នំពេញ)៖ កងទ័ព និងគ្រួសារប្រមាណ ៣៥,០៦៨នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៥ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃបើកយុទ្ធនាការចាក់ដូសជំរុញទី៥នេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានឱ្យដឹងថា ក្រោយទទួលបានបទបញ្ជាពីសម្តេចតេជោ និងការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនោះ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានត្រៀមលក្ខណៈសម្បត្តិក្នុងចាក់វ៉ាក់សាំងជូនដល់ក្រុមគោលដៅ ដែលគ្រូពេទ្យកងទ័ពត្រូវទទួលភារកិច្ច។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា វ៉ាក់សាំងត្រូវបានដឹកជញ្ជូនដល់គោលដៅ ហើយចាប់ផ្តើមចាក់ជូនកងទ័ព និងគ្រួសារកងទ័ពនៅថ្ងៃទី០៩ ខែមិថុនា។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដំណើរការចាក់វ៉ាក់សាំងដូសទី៥ ជូនកងទ័ព និងគ្រួសារ បានដំណើរល្អ មិនមានការរាំងស្ទះអ្វីនោះទេ។ ជាពិសេសកងទ័ព និងក្រុមគ្រួសារ បានយល់ពីគុណតម្លៃវ៉ាក់សាំងក្នុងការការពារសុខភាពរបស់ពួកគេពីមេរោគកូវីដ១៩ ដូច្នេះបាននាំគ្នាទៅទទួលវ៉ាក់សាំងដូសទី៥យ៉ាងសស្រាក់សស្រាំ។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសជំរុញទី៥ សម្រាប់កងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងគ្រួសារ ក៏ដូចជាអ្នកកីឡា នឹងសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ។
ជួសមុខឱ្យកងទ័ព និងគ្រួសារ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលតែងគិតគូរសុខទុក្ខកងទ័ព និងគ្រួសារ ហើយផ្តល់ការចាក់វ៉ាក់សាំងជាអាទិភាព។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងផងដែរថា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ក្រៅតែពីចាក់ដូសទី៥ហើយនោះ បច្ចុប្បន្នក៏កំពុងចាក់វ៉ាក់សាំងដូសទី៣ និងទី៤ ដល់ប្រជាពលរដ្ឋទូទៅនៅតាម១៣រាជធានី/ខេត្តផងដែរ៕