(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង ដូសទី៤ រួចរាល់ ដែលមានគម្លាតយ៉ាងតិច ៣ខែឡើងតាមគោលការណ៍ស្ម័គ្រចិត្ត។
ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៥នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីសុខាភិបាលខេត្តមួយចំនួនផងដែរ។
នាឱកាសនោះដែរ លោក អ៊ុំ រាត្រី បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ដូសទី៥នឹងត្រូវចាក់តាមពេលវេលា និងទីកន្លែងដែលបានកំណត់ គឺពេលព្រឹក ចាប់ពីម៉ោង ៧៖៣០ ដល់ម៉ោង ១១៖៣០ថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង ១៤៖០០ ដល់ម៉ោង១៦៖០០ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកចំនួន ៧៦កន្លែងទូទាំងក្រុង ស្រុកទាំង៩ ក្នុងទីរួមខេត្តបន្ទាយមានជ័យ។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសទី៥ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា អាចជៀសផុតពីការឆ្លង និងការបង្កទុកទោសធ្ងន់ធ្ងរដោយសារតែជំងឺកូវីដ១៩។
ក្នុងនោះ លោក អ៊ុំ រាត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបានក្នុងផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ក្នុងខេត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋរហូតសម្រេចបានលទ្ធផលល្អឥតខ្ចោះនៃផែនការ។
លោក អ៊ុុំ រាត្រី បានអំពាវនាវដល់រដ្ឋបាលខេត្តនឹងបន្តជំរុញអាជ្ញាធរមូលដ្ឋានបន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយមូលហេតុចំណាកស្រុក ឬមូលហេតុផ្សេងៗទៀតឱ្យមកទទួលវ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា និងបន្តរក្សាអនុវត្តវិធានការនូវកាតព្វកិច្ចឱ្យបានខ្ចប់ខ្ជួនរបស់ខ្លួនផងដែរ៕