(ភ្នំពេញ)៖ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំពិធីសំណេះសំណាលជាមួយសិក្ខាកាមជានាយទាហានផ្នែកសកម្មភាពមីន នៃក្រសួងការពារជាតិកូឡុំប៊ី ដែលទើបតែបញ្ចប់វគ្គហ្វឹកហ្វឺន ស្តីពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកងយោធពលខេមរភូមិន្ទ។
ក្នុងពិធីនេះដែរ ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន JICA ប្រចាំកម្ពុជា ដែលបានគាំទ្រការហ្វឹកហ្វឺននេះ ជាពិសេស ក៏បានកោតសរសើរចំពោះអង្គភាពស៊ីម៉ាក់ ដែលបានផ្តល់ ការហ្វឹកហ្វឺនជំនាញ និងចែករំលែកចំណេះដឹងបទពិសោធន៍ លើវិស័យមីនរវាងប្រទេសទាំងពីរ កម្ពុជា-កូឡុំប៊ី រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិតិ្តស័ព្ទជាតិ និងស្មើមុខស្មើមាត់ លើឆាតអន្តរជាតិ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ប្រកបដោយកគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ទេសរដ្ឋមន្ត្រី មាស សុភា បានបន្ថែមទៀតថា ប្រទេសទាំង២ធ្លាប់ជួបវិបត្តិសង្គ្រាមដូចគ្នា ប៉ុន្តែអ្វីដែរខុសប្លែកគ្នានោះ គឺនៅកម្ពុជាទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងមានការរៀបចំ ការបោះឆ្នោត ដោយអ៊ុតតាក់ក៏ដោយ ក៏កម្ពុជាមិនទាន់ទទួលបានសន្តិភាពពេញលេញនៅឡើយទេរហូតដល់ចុងឆ្នាំ១៩៩៨ ទើបកម្ពុជាទទួលបាននៅសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ ក្រោមនយោបាយបង្រួបបង្រួមជាតិ និងនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕