(ភ្នំពេញ)៖ លោក សូ ណារ៉ូ អ្នកគាំទ្រក្រុមប្រឆាំងដ៏សកម្មម្នាក់ បានចេញមុខវាយប្រហារទៅកាន់ លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ដែលរិះគន់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ចំពោះការសម្រេចមិនចេញទៅបោះឆ្នោតជូនគណបក្សភ្លើងទៀន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

តាមបណ្តាញសង្គមហ្វេសបុក លោក សូ ណារ៉ូ បានលើកឡើងដូច្នេះថា៖ «នៅក្នុងពិភពលោកទាំងមូល គ្រប់ប្រទេសទាំងអស់មិនដែលមានករណីប្រធានគណបក្សមួយ បែរជាស្ម័គ្រចិត្តទៅបោះឆ្នោតគាំទ្រឲ្យគណប្សមួយទៀតទេ។ បើពិតជាមានមែននោះគឺមានតែប្រធានបក្សហ្នឹងជាមនុស្សឡប់សតិ ឬវិកលចរិកទើបក្បត់គណបក្សខ្លួនឯង ដើម្បីទៅគាំទ្រគណបក្សដទៃ»

លោកបានចំអកឱ្យ លោក សម រង្ស៉ី ទៀតថា «តាមពិតមានដែរនៅកម្ពុជា មានករណីពិសេសតែ១គត់ក្នុងលោកនេះ គឺបុគ្គលម្នាក់ដែលតាំងខ្លួនជាប្រធានស្តីទី នៃគណបក្សមួយបែរជាឡប់សតិទៅឃោសនាបោះឆ្នោតគាំទ្រពេញទំហឹងឲ្យគណបក្សមួយទៀត។ បើគាត់ជាមនុស្សមានសតិធម្មតា ឬចេះខ្មាស់គេតែបន្តិចគឺគាត់ច្បាស់ជាចាកចេញទៅរួមរស់ជាមួយបក្សដែលគាត់គាំទ្រហើយ មិនមែនកំសាកនៅជិះទូក២នោះទេ»

លោកបានបន្ថែមថា «មានតែមនុស្សឡប់សតិទេ ទើបអាចនិយាយទាំងមិនចេះខ្មាស់គេថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិមានកំហុសធ្ងន់ណាស់ ដែលគាត់មិនចេញទៅបោះឆ្នោតក្នុងស្ថានការណ៍ដែលលោក កឹម សុខា នៅមិនទាន់មានសេរីភាពពេញលេញហើយគណបក្សសង្គ្រោះជាតិ ក៏គ្មានឈ្មោះក្នុងសន្លឹកឆ្នោតផងនោះ។ ឬមួយគាត់ចង់ឲ្យ លោក កឹម សុខា ក្បត់បក្សខ្លួនដោយចេញមុខដូចគាត់ ឬជាការញុះញង់ឲ្យអតីតអ្នកគាំទ្រស្អប់លោក កឹម សុខា? ឡប់សតិហើយពិសពុលទៀត»

សូមបញ្ជាក់ថា ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ លោក សម រង្ស៉ី បានរិះគន់ លោក កឹម សុខា ថាបានប្រមាថ និងបំភ្លេចអ្នកប្រជាធិបតេយ្យ ចំពោះការប្រកាសរបស់ លោក កឹម សុខា ដែលមិនចេញទៅបោះឆ្នោតឱ្យគណបក្សភ្លើងទៀន។

លោកថ្លែងដូច្នេះថា៖ «អ្នកដែលទៅបោះឆ្នោតឱ្យគណបក្សភ្លើងទៀន មានចំនួនពាក់កណ្ដាលនគរ ដែលយើងធ្លាប់កត់សម្គាល់នោះ ឥឡូវយ៉ាងតិចណាស់ក៏ពាក់កណ្ដាល នៃពាក់កណ្ដាលហ្នឹង អ្នកដែលក្លាហានជាងគេ អ្នកដែលគេមិនបានលួចសន្លឹកឆ្នោត គេមកបោះឲ្យភ្លើងទៀនទាំងអស់ ស្រាប់តែគាត់ថា "គណបក្សភ្លើងទៀនដូចជា គណបក្សប្រជាជនកម្ពុជាអញ្ចឹង គណបក្សប្រជាជនកម្ពុជាឈ្នះក៏ឈ្នះទៅ អត់មានអ្វីគួរឱ្យចាប់អារម្មណ៍ទេ គណបក្សភ្លើងទៀនមិនបានសម្រេចក៏ហីចុះ" គាត់និយាយអញ្ចឹងខុសហើយ គាត់មិនត្រូវបំភ្លេចវាវីរភាពរបស់អ្នកប្រជាធិបតេយ្យ»