(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក Eldeen Husaini bin Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីប្រគល់-ទទួលវិភាគទានសប្បុរសធម៌របស់អង្គភាពខ្មែរថាមន៍ (Khmer Times) គាំទ្រការងារបោសសម្អាតមីននៅភូមិវាល ឃុំស្រង់ ស្រុងគងពិសី ខេត្តកំពង់ស្ពឺ។

លោក Mohan Bandam ប្រធានអង្គភាពខ្មែរថាមន៍ បានលើកឡើងថា លោកមានសេចក្តីសប្បាយរីករាយណាស់ដែលបានចូលរួមវិភាគទានជាមួយអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ដែលជាជ្រុងមួយតូចនៅកម្ពុជា ដើម្បីផ្តល់ដីមានសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់របស់ប្រជាពលរដ្ឋភូមិវាល ហើយវិភាគទាននេះ គឺជាការចូលរួមចំណែកដោយផ្ទាល់របស់គ្រួសារ និងអង្គភាពខ្មែរថាមន៍ទាំងមូល។

លោក Mohan បានបន្តទៀតថា អង្គភាពខ្មែរថាមន៍ នឹងបន្តចាប់ផ្តើមរៃអង្គាសមូលនិធិបន្ថែមទៀតពីសប្បុរសជន និងបណ្តាវិស័យឯកជននានាតាមរយៈការរៀបចំកម្មវិធីសប្បុរសធម៌រហូតដល់ខែធ្នូ ឆ្នាំ២០២២ នេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់ការងារបោសសម្អាតមីន។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក Mohan Bandam និងសហការីអង្គភាពខ្មែរថាមន៍ ចំពោះទឹកចិត្តសប្បុរសក្នុងការរួមចំណែកផ្តល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសចូលរួមឲ្យកម្ពុជា សម្រេចគោលដៅគ្មានមីនឆ្នាំ២០២៥។

លោកទេសរដ្ឋមន្រ្តី បានចាត់ទុកវិភាគទាននេះ គឺជាការចូលរួមចំណែកដ៏មានតម្លៃ ដើម្បីប្រែក្លាយឲ្យភូមិវាលដែលជាអតីសមរភូមិប្រយុទ្ធ និងមានផ្ទៃដីរងផលប៉ះពាល់ដោយសារមីនចំនួន ៥៣.៨៥៣ ម៉ែត្រក្រឡា ទៅជាភូមិអស់មីន ដោយប្រើប្រាស់កម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC)។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា រយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បានសម្រេចនូវសមិទ្ធផលយ៉ាងច្រើនដោយរំដោះផ្ទៃដីបានជាង ២៣៧៨ គីឡូម៉ែត្រក្រឡា និងផ្តល់ដីមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋជាអ្នកទទួលផលបានជាង ៧លាននាក់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជម្រុញឲ្យការចូលរួម និងយកចិត្តទុកដាក់បន្ថែមពីប្រទេសជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដទៃទៀត ជាពិសេសថ្មីៗនេះ មានការចូលរួមផងដែរពីវិស័យជន ដូចព្រឹត្តិការណ៍នាថ្ងៃនេះផងដែរ៕