(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង និងមន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៥ ជូនក្រុមគោលដៅអាទិភាព។ នេះបើតាមការឲ្យដឹងពី លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបន្ដទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង៩៖០០នាទីព្រឹក រហូតដល់ម៉ោង៤៖០០នាទីរសៀលរៀងរាល់ថ្ងៃ នៅតាមទីតាំងនីមួយៗ ខណៈដូសជំរុញផ្សេងទៀត ក៏កំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋរៀងរាល់ថ្ងៃផងដែរ។
លោកប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ទៀតថា ដំណាក់កាលទី១ នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ នាពេលនេះនៅក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល រួមមាន ក្រុងខេមរភូមិន្ទ នៅមណ្ឌលសុខភាពស្មាច់មានជ័យ, មណ្ឌលសុខភាពស្ទឹងវែង និងស្រុកស្រែអំបិល នៅមណ្ឌលសុខភាពស្រែអំបិល និងមណ្ឌលសុខភាព បឹងព្រាវ។
លោកបានបន្តថា ដើម្បីសុខភាពប្រជាពលរដ្ឋមន្ត្រីរាជការ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យក្រសួងសុខាភិបាល បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដូសជំរុញបន្ថែមទៀត ដើម្បីបង្កើនភាពស៊ាំ នៅក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ដើម្បីបន្តនូវនិរន្តភាព នៃដំណើរការជាប្រក្រតីភាពនូវការរស់នៅ រួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមកិច្ច និងធានាការពារអាយុជីវិតប្រជាពលរដ្ឋឲ្យខានតែបានជំងឺកូវីដ-១៩ វាជាជំងឺដ៏កាចសាហាវ និងជាជំងឺឆ្លងសកល។
បន្ថែមពីនេះ លោក ទៅ ម៉ឹង ក៏បានអំពាវរនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដូសជំរុញ ឲ្យបានគ្រប់ៗគ្នាហើយដោយមិនមានបង់ថវិកាអ្វីឡើយ។
ក្នុងនោះដែរ រដ្ឋបាលខេត្តកោះកុង ក៏បានក្រើនរំលឹកដល់ប្រជា ពលរដ្ឋទាំងអស់ ដែលអញ្ជើញទៅទទួលការវ៉ាក់សាំងកូវីដ-១៩ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាន់ខ្ជាប់នូវវិធានការ (៣ការពារ និង៣កុំ)៕