(ភ្នំពេញ)៖ ដើមឈើ និងដើមផ្កា ប្រមាណជិតដើម ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ធ្វើការដាំនៅទីតាំងក្នុងតំបន់ទីក្រុងកាំកូ ប្រយោជន៍ដើម្បីជាគំរបបៃតងបង្កើនសោភណ្ឌភាពឲ្យកាន់តែស្រស់ស្អាត និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ នៅក្នុងភពផែនដីមួយវិញទៀត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកក្កដា ខាងមុននេះ។
នេះតាមការលើកឡើងរបស់ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងក្នុងពិធីចុះដាំដើមឈើ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ។
ជាមួយគ្នានេះ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋសហគមន៍ចូលរួមដាំដើមឈើ និងចេះថែទាំស្រលាញ់ដើមឈើទាំងអស់គ្នា ហើយប្រសិនបើខ្វះខាតកូនឈើ សុំមកខាងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ។
នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឲ្យដឹងទៀតថា តាមការណែនាំរបស់អភិបាលរាជធានី លោក ឃួង ស្រេង ដើមឈើប្រមាណ ៦៥ដើម ត្រូវបានធ្វើការដាក់ដាំនៅពេលនេះជាប្រភេទដើមផ្កាសាគូរ៉ា ជាប្រភេទដើមដែលមានផ្កាស្អាត និងដើមគគីរមួយចំនួនទៀត ដែលដើមឈើទាំងនេះ មានសារៈសំខាន់ ក្នុងការជួយថែរក្សាបរិស្ថាននៅតំបន់ នេះជារបាំងខ្យល់ផង ពិសេសឲ្យកាន់តែមានភាពបៃតងស្រស់ស្អាត ជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ នៅលើភពផែនដី ជួយកម្ចាត់ជាតិពុលក្នុងខ្យល់។
លោកបន្ថែមថា ដើមឈើក៏បានផ្តល់ជាម្លប់ និងជួយកម្ចាត់ឧស្ម័នកាបូនិចដែលបំពុលក្នុងខ្យល់ និងបង្កើនឧស្ម័នអុកស៉ីសែនផងដែរ៕