(ភ្នំពេញ)៖ ក្រុមហ៊ុន ហុងដា អិនស៊ីអិច (NCX Honda) បានរៀបចំនូវកម្មវិធីដំណើរកំសាន្តរួមគ្នាដ៏អស្ចារ្យមួយ ដែលមានឈ្មោះថា «Honda Caravan 2016» ដែលជាការដង្ហែក្បួនម៉ូតូដ៏ធំប្រចាំឆ្នាំ២០១៦ ដោយចេញពីភ្នំពេញ ឆ្ពោះទៅកាន់រមណីយដ្ឋានគីរីរម្យ ខេត្តកំពង់ស្ពឺ។

កម្មវិធីដង្ហែក្បួនម៉ូតូនេះ មានអ្នកចូលរួមរហូតដល់ជាង១ពាន់អ្នក និងម៉ូតូចំនួនប្រមាណ៥០០គ្រឿង ដែលមានគ្រប់ម៉ូដែលរបស់ក្រុមហ៊ុន ហុងដា មានដូចជា៖ Honda Dream, Honda Scoopy, Honda Wave, Honda Click, Honda Moove, Honda MSX ជាដើម។

កម្មវិធីនេះបានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ ក្នុងរយៈពេល២ថ្ងៃ១យប់ ដោយមានរៀបចំនូវការលេងល្បែង កំសាន្តផ្សេងៗ រួមជាមួយរង្វាន់អនុស្សាវរីយ៍ជាច្រើន ការផ្តិតយករូបភាពជាមួយទេសភាពធម្មជាតិ ដ៏ស្រស់ត្រកាល ប្លែកភ្នែក ប្លែកអារម្មណ៍ ការប្រគុំតន្ត្រីនាពេលរាត្រី ដែលចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូប និងការបោះតង់ស្នាក់នៅក្រោម អាកាសធាតុ ខ្យល់ធម្មជាតិយ៉ាងត្រជាក់។

អ្នកតំណាងរបស់ក្រុមហ៊ុន ហុងដា បានបញ្ចេញជាមតិយោបល់ ក៏ដូចជាអារម្មណ៍រំភើបសប្បាយរីករាយ និងអរគុណដល់អតិថិជនគ្រប់គ្នា ក៏ដូចជាតំណាងចែកចាយគ្រប់សាខា របស់ក្រុមហ៊ុន ហុងដា ដែលបានចូលរួម និងធ្វើអោយដំណើរកំសាន្ត រួមគ្នាមួយនេះ បញ្ចប់ទៅក្រោមបរិយាកាសរីករាយស្រស់ស្រាយ ប្រកបដោយស្នាមញញឹមគ្រប់ៗគ្នា និងដោយភាពជោគជ័យ៕