(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿង ឧកញ៉ា សង ថន និងលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង ដោយបានសម្រេចដាក់ពន្ធនាគារជនត្រូវចោទទាំង២នាក់ ក្នុងម្នាក់ៗចំនួន៧ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ (២៥,០០០ដុល្លាអាមេរិក) ចូលជាថវិការដ្ឋ «ពីបទប្រើប្រាស់ឯកសារសាធារណៈក្លែង, បទផ្តើមគំនិតក្នុងបទបំផ្លិចបំផ្លាញដោយចេតនា, បទគៃបំបាត់ដោយទុច្ចរិត និងបទសូកប៉ាន់» ក្នុងសំណុំរឿងជម្លោះដីធ្លីមួយកន្លែងស្ថិតនៅក្នុងស្រុកគាស់ក្រឡ។
នៅក្នុងសាលក្រមដដែលនោះ តុលាការក៏បានប្រកាសសម្រេចរឹបអូសយកដីជាច្រើនកន្លែងផងដែរ របស់លោកឧកញ៉ា សង ថន ដែលមានទីតាំងនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំតុលាការ បានឲ្យដឹងថា សាលក្រមដែលលើកយកមកប្រកាសនៅព្រឹកមិញនេះ រួមមាន លោក ពេជ្រ វិជ្ជាធរ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សិត វណ្ណៈ ជាតំណាងអយ្យការ។
សូមបញ្ជាក់ថា លោកឧកញ៉ា សង ថន ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីលា្ងចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ក្នុងទំនាស់ដីធ្លីមួយ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ មុនត្រូវចាប់ខ្លួនលោកឧកញ៉ារូបនេះ ត្រូវបានគេរាយការណ៍ថា លោកមានដីធ្លីប្រមាណជាង៥ពាន់ហិកតា ស្ថិតក្នុងស្រុកគាស់ក្រឡនេះផងដែរ។ អង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ការឃាត់ខ្លួនជនទាំងពីរនាក់នេះ គឺធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។
លោកឧកញ៉ា សង ថន មានដីប្រមាណ៥ពាន់ហិកតាដែលដីនោះ គឺស្មើនឹង១ភាគ៤ នៃផ្ទៃដីទាំងមូលរបស់ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ជនជាប់ចោទដែលមានអាយុ៧០ឆ្នាំរូបនេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនក្រោមបទចោទប្រកាន់ចំនួន៤បទល្មើសរួមមាន៖
*ទី១៖ បទប្រើប្រាស់ឯកសារសាធារណៈក្លែង
*ទី២៖ បទផ្តើមគំនិតក្នុងបទបំផ្លិចបំផ្លាញដោយចេតនា
*ទី៣៖ បទគៃបំបាត់ដោយទុច្ចរិត
*ទី៤៖ បទសូកប៉ាន់តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕