(ភ្នំពេញ)៖ ថ្វីត្បិតតែមានភាពមមាញឹកនៅក្នុងកិច្ចប្រជុំនៅប្រទេសរុស្ស៊ីក៏ដោយ ប៉ុន្តែសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តជំរុញអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ ជួយប្រជាពលរដ្ឋ ទាំងការផ្តល់ទឹក និងការជួយ ជួសជុលលំនៅដ្ឋាន-សាលារៀន ដែលរងការខូចខាត ដោយខ្យល់កន្រ្តាក់ ទោះបីមានភ្លៀងធ្លាក់នៅតំបន់មួយចំនួនក៏ដោយ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងនៅលើFacebook Page យ៉ាងដូច្នេះថា «ទោះបីខ្ញុំបានមកដល់រុស្សី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្សី ក៏ខ្ញុំនៅបន្តតាមដាន អំពីស្ថានភាពភ្លៀង និងសកម្មភាពចែកចាយទឹកដល់ប្រជាពលរដ្ឋ។ ខ្ញុំបានទទួលដំណឹងថាមានភ្លៀងចាប់ផ្តើមធ្លាក់កាន់តែច្រើនឡើងហើយនៅតាម បណ្តា ខេត្តមួយចំនួន។ តែកង្វះខាតទឹកប្រើគឺនៅតែចោទចំពោះបងប្អូនមួយចំនួនដែលកំពុងជួប្រទះបញ្ហានេះនៅឡើយ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «សូមអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ឋទាំងអស់បន្ត យកចិត្តទុកដាក់ ជួយបងប្អូនទាំងការផ្តល់ទឹក និងការជួយជួសជុលលំនៅដ្ឋាន និងសាលារៀនមួយចំនួន ដែលបង្កការខូចខាតដោយខ្យល់កន្រ្តាក់។ មិនត្រូវទុកឲ្យ បងប្អូន យើងខ្វះទឹក ឬទុកឱ្យកូនក្មួយគ្មានសាលារៀនទេ។ គឺត្រូវជួសជុលជាបន្ទាន់ និងផ្តល់នូវជំនួយថ្នាំពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នានាជួយ ប្រជាពលរដ្ឋ។ សូមបន្តជីកនិងស្តារអណ្តូង ស្រះ បឹង ប្រឡាយ និងអាងស្តុកទឹក ឲ្យបានជ្រៅល្អដែលអាចស្តុកទឹកបានប្រើប្រាស់ខួបប្រាំងខួបវស្សា»។
សម្តេច ហ៊ុន សែន ក៏បានថ្លែងអរគុណដល់សប្បុរសជនទាំងអស់ រួមទាំងមន្រ្តីរាជរដ្ឋាភិបាល និងយុវជនកាកបាទក្រហម និងអង្គការស្ម័គ្រចិត្ត នានាដែលបានចុះជួយ និងបរិច្ចាគ ធនធាន ដើម្បីជួយប្រជាពលរដ្ឋ ដែលកំពុងខ្វះឃាតទឹកប្រើប្រាស់ផងដែរ៕