(ភ្នំពេញ)៖ ក្រុមក្មេងទំនើងចំនួន៩នាក់ ដែលបង្កបញ្ហាដោយកាប់បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាប និងឃាត់ខ្លួនបាន។ នេះតាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ។

ការបង្ក្រាបក្មេងទំនើងទាំងនេះ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនក្រុមទាំងនេះ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមជម្រាបថា តាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញសកម្មភាពយ៉ាងសាហាវរបស់ក្មេងទំនើងទាំងនោះ ដែលខ្លួននៅក្មេងសោះមិនខិតខំប្រឹងប្រែងរៀនសូត្រ បែរជាទៅវាយកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បង្កភាពអាណាធិបតេយ្យសង្គមទៅវិញ៕