(ភ្នំពេញ)៖ វិនិយោគិនរបស់ប្រទេសចិន បានបោះទុនប្រមាណ៣០លាន ៥សែនដុល្លារ សហរដ្ឋអាមេរិច ក្នុងជំហានដំបូងនិងជាបន្ត បន្ទាប់ឈានដល់ ១០០លានដុល្លារអាមេរិក ក្នុងការបង្កើតឡើងនូវធនាគារមួយ ដែលមានឈ្មោះថា ធនាគារឯកទេសខ្មែរ PLC ដែលមានមូលដ្ឋាន ស្ថិតនៅតាមបណ្តោយមហាវិថី ម៉ៅសេទុង រាជធានីភ្នំពេញ។
ធនាគារឯកទេសខ្មែរ ភីអិលស៊ីនេះ ត្រូវបានធ្វើ ពិធីសម្ពោធ ដាក់ឲ្យដំណើរការអាជីវកម្ម បម្រើអតិថិជន ជាផ្លូវការនៅរាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាល តាមបណ្តោយ មហាវិថីម៉ៅសេទុង និងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។
លោក ឧកញ៉ា ឆាវ អ៊ីនទ័រ អភិបាលធនាគារឯកទេសខ្មែរ ភីអិលស៊ី បាឲ្យដឹងថា ធនាគារឯកទេសខ្មែរ គឺជាធនាគារឯកទេសទី១៣ ដោយបានកំលាយខ្លួន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអង្គរ អេស៊ីអ៊ី ស្តារក្រេឌីត លីមីតធីត និងជាបុត្រសម្ពន្ធ័ របស់ក្រុមហ៊ុនខ្មែរ ហូលឌីងគ្រុប តាមរយៈការវិនិយោគដោយផ្ទាល់ របស់វិនិយោគិន មកពីសាធារណរដ្ឋប្រជាមានិតចិន។
លោកថា ធនាគារឯកទេសថ្មីនេះ នឹងដើរតួនាទីជាអ្នកផ្តល់សេវាឥណទាន ដ៍ទូលំទូលាយរបស់ប្រជាពលរដ្ឋខ្មែរទូទៅក៏ដូចជា សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កំពុងមានតម្រូវការដើមទុនសម្រាប់ ពង្រីកអាជីវកម្មរបស់ខ្លួន។
លោកបន្ដថា គោលដៅអភិវឌ្ឍន៍ជំហានដំបូងរបស់ធនាគារឯកទេសខ្មែរ គឺធនាគារលក់ដុំ និងឈរជើងនៅក្នុងប្រទេសកម្ពុជាប្រឈម និងអាស៊ាននិងប្រទេសចិន បម្រើគ្រប់ជ្រុងជ្រោយ ដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ (យុទ្ធសាស្ត្រចតុកោណ) របស់រាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម។ ជាងនេះទៀតធនាគារនេះ គឺជាធនាគារបើកចំហរ ស្វាគមន៍ការវិនិយោគជា យុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការព័ត៌មាន ធនធានមនុស្ស ធុរកិច្ច និងកិច្ចសហប្រតិបត្តិការ បច្ចេកទេស រួមបញ្ជូលគ្នាជាមួយ ឧស្សាហកម្ម ហិរញ្ញវត្ថុជាការបំពេញឲ្យគ្នាទៅវិញទៅមក តាមរយៈប្រពន្ធ័អ៊ីនធើណិត ដែលប្រកបដោយសុខសុវត្ថិភាព លឿនរហ័ស និងមានតំលៃកើនឡើង។
លោកស្រី អ៊ុក ម៉ាលី បានចាត់ទុកថា ការសម្ពោធ ដាក់ឲ្យដំណើរការធនាគារ ឯកទេសខ្មែរ ភីអិលស៊ីនេះ គឺបានបង្ហាញពីការខិតខំ ប្រឹងប្រែង ពីសំណាក់ភាគទុនិក គណគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ក្នុងការពង្រឹង និងពង្រីកប្រតិបត្តិការរបស់ខ្លួន ឲ្យកាន់តែសម្បូរ និងទូលំទូលាយ ដើម្បីចូលរួមចំណែកគាំទ្រដល់គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យ ធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា។
លោកស្រី អ៊ុក ម៉ាលី ថ្លែងថា« ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច បន្តមានស្ថេរភាពល្អប្រសើរ ដោយអតិផរណាបន្តមានកម្រិតទាបក្រោម៣% និងអត្រាប្តូរប្រាក់ មានស្ថេរភាព ហើយទំហំទ្រព្យសកម្មក្នុងប្រពន្ធ័ធនាគារ គិតត្រឹមចុងឆ្នាំ២០១៥ បានកើនឡើងដល់ប្រមាណ២០ ប៊ីលានដុល្លារ អាមេរិច ស្មើនឹង១០៧% នៃផលិតផលក្នុងស្រុកសរុប ខណះដែលប្រាក់បញ្ញើរ អតិថិជន និងឥណទានទៅវិស័យឯកជន បានកើនឡើងដល់១១,៤៤ និង១១,៦២ប៊ីលានដុល្លាររៀងគ្នា»។
លោកស្រីបន្ថែមថា ទន្ទឹមនឹងនេះ វិស័យធនាគារ ក៏កំពុងចូលរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការជំរុញបរិយាបន្ន័ហិរញ្ញវត្ថុដើម្បីបង្កើន ប្រសិទ្ធិភាពអាជីវកម្ម បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ នៅតាមជបទបានកាន់តែច្រើន និងកាត់បន្ថយគម្លាតចំណូល និងភាពក្រីក្រផងដែរ៕