(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងលោកស្រី Ana Miria Prieto ឯកអគ្គរាជទូតសាធារណរដ្ឋកូឡុំប៊ីប្រចាំប្រទេសកម្ពុជា នោថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ បានចូលរួមជាគណៈអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជូននាយទាហានផ្នែកសកម្មភាពមីន នៃក្រសួងការពារជាតិកូឡុំប៊ី លើប្រធានបទ «ស្តីអំពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការ»។
ពិធីបិទវគ្គហ្វឹកហ្វឺន ក៏មានការចូលរួមពី លោក OKADA Naoya លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោក Yanagawa Shinji អនុប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ពិធីនេះ រៀបចំធ្វើឡើង នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។
លោក ហេង រតនា បានបញ្ជាក់ឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះ មានរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដែលមាននាយទាហានជាសិក្ខាកាមចូលរួមចំនួន១៥រូប។
សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានគាំទ្រអង្គភាព CMAC ក្នុងការផ្តល់ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពជំនាញ និងចែករំលែកបទពិសោធន៍ លើវិស័យមីនរវាងប្រទេសទាំងពីរ កម្ពុជា-កូឡុំប៊ី ហើយចាប់ពីឆ្នាំ២០១០ ដល់ខែមិថុនា ឆ្នាំ២០២២នេះ អង្គភាព CMAC បានផ្ដល់ការហ្វឹកហ្វឺនជំនាញសកម្មភាពមីន ជូននាយទាហានកូឡុំប៊ី បានចំនួនពីរដំណាក់កាល ដែលចែកចេញជា១០វគ្គ និងសិក្ខាកាមចូលរួមសរុបចំនួនជាង១៨០នាក់។
ជាមួយគ្នានេះដែរ ដោយមើលឃើញពីភាពជោគជ័យក្នុងការហ្វឹកហ្វឺនកន្លងមក រដ្ឋាភិបាលកូឡុំប៊ី បានដាក់សំណើសុំជាថ្មី ដល់រដ្ឋាភិបាលជប៉ុន ឲ្យបន្តជួយគាំទ្រដល់ការហ្វឹកហ្វឺន ដល់នាយទាហានកូឡុំប៊ី សម្រាប់រយៈពេល៣ឆ្នាំទៀត (២០២៣-២០២៥) ហើយរដ្ឋាភិបាលជប៉ុនយល់ព្រមតាមសំណើថ្មីនេះ និងបានស្នើសុំឲ្យរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចាត់អង្គភាពស៊ីម៉ាក់ ឲ្យបន្តការហ្វឹកហ្វឺន ជូនតាមសំណើរបស់រដ្ឋាភិបាលកូឡុំប៊ី។ ដើម្បីសម្រេចបាននៅគម្រោងថ្មីនេះ គណៈប្រតិភូអង្គភាពស៊ីម៉ាក់ និងធ្វើដំណើរទៅប្រទេសកូឡុំប៊ី នៅចុងខែមិថុនានេះ៕