(ពោធិ៍សាត់-ត្រាត)៖ រដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាត នៃប្រទេសថៃ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ បានជួបប្រជុំពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទេសចរណ៍ និងលើកកម្ពស់ច្រកព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ដែលទល់នឹងច្រកបានថាសេន ខេត្តត្រាត ទៅជាច្រកព្រំដែនអន្តរជាតិ។
គណៈប្រតិភូខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ទទួលបន្ទុកកិច្ចការព្រំដែន រីឯខាងភាគីខេត្តត្រាត ដឹកនាំដោយលោក កានឆៃ ថេពវរៈឆៃ និងលោក ណៈរុង ថេពសេនា អភិបាលរងខេត្តត្រាត ព្រមទាំងថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តត្រាតជាច្រើននាក់ទៀត។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំត្បូងក្រហម (ផ្លយដែង) ជាន់ទី៤ នៃសាលាខេត្តត្រាត ប្រទេសថៃ។
ឆ្លងកាត់ការប្រជុំពិភាក្សារយៈពេលជាង១ម៉ោងកន្លងមកនេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាតបានយល់ស្របគ្នា ដើម្បីធ្វើរបាយការណ៍គោរពជូនរាជរដ្ឋាភិបាលរៀងៗខ្លួនក្នុងការជំរុញបើកច្រកអន្តរជាតិថ្មដា-បានថាសេនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន សំដៅតភ្ជាប់ខឿនសេដ្ឋកិច្ច និងទេសចរណ៍ ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
នៅក្នុងជំនួបខាងលើនេះដែរ ភាគីកម្ពុជា-ថៃបានទទួលយកការរៀបចំកិច្ចប្រជុំរៀងរាល់៣ខែម្តង ឆ្លាស់វេនគ្នា ដែលត្រូវធ្វើឡើងរវាងអភិបាលខេត្តទាំង២ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ឈានទៅរកផ្លូវមួយដែលល្អរួមគ្នាក្នុងការពន្លឿនបើកច្រកអន្តរជាតិខាងលើឱ្យទទួលបានជោគជ័យ។
គួរជម្រាបជូនថា យោងតាមកំណត់ហេតុនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឧត្តមសេនីយ៍ អានុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានព្រមព្រៀងគ្នាដំឡើងកម្រិតច្រកទ្វារព្រំដែនអន្តរជាតិចំនួន៤ រួមមាន៖
១. ច្រកអានសេះ ខេត្តព្រះវិហារ ទល់មុខច្រកអានម៉ា ខេត្តឧប៊ុនរាជធានី
២. ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត
៣. ច្រកភ្នំដី ខេត្តបាត់ដំបង ទល់មុខច្រកបានខៅឌិន ខេត្តស្រះកែវ
៤. ច្រកជប់គគីរ ខេត្តឧត្តរមានជ័យ ទល់មុខច្រកសាយតាគូ ខេត្តបុរីរម្យ។
ភាគីប្រទេសទាំងពីរក៏បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីពន្លឿនការបើកឱ្យដំណើរការច្រកព្រំដែនទាំង៤ខាងលើ ជាច្រកទ្វារព្រំដែនអន្តរជាតិឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕