(ភ្នំពេញ)៖ កុមារទើបមានអាយុជាង ១ខួបម្នាក់ បានធ្លាក់ចូលក្នុងធុងទឹកដាំក្បាលចុះក្រោម ជើងបាស់ជើងឡើងលើ បណ្តាលឲ្យថប់ដង្ហើមឈ្លក់ទឹកស្លាប់ គួរឲ្យរន្ធត់។
ហេតុការណ៍លង់ទឹកស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង ៤៖១០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពកុមារីរងគ្រោះមានឈ្មោះ ទេព ពុធសង្វា អាយុ១ឆ្នាំ៣ខែ មានម្តាយឈ្មោះ ដា ប៊ែកឃី អាយុ២២ឆ្នាំ ឪពុកឈ្មោះ ឡោ សំណាង អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្រុកកំណើតនៅភូមិរកាអា ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យទៀតថា ដំណើររឿងនៅមុនពេលកើតហេតុ ម្តាយនិងកូនបាននៅក្នុងបន្ទប់ជួលតែពីរនាក់ ខណៈម្តាយកំពុងបោកខោអាវនិងយកទៅហាលថ្ងៃ រួចហើយក៏បានមកដេកលក់មួយភាំង ដោយទុកកូនស្រីរងគ្រោះនៅលេងទឹកក្នុងបន្ទប់ទឹកតែម្នាក់ឯង បណ្ដាលឲ្យនាងតូចរអិលដាំក្បាលចូលក្នុងធុងទឹក។
ខណៈមួយសន្ទុះក្រោយមកកូនប្រុសស្ត្រីខាងលើម្នាក់ទៀតអាយុ ៣ឆ្នាំ បានមកពីកន្លែងយាយលក់ដូរវិញ ក៏ឃើញប្អូនដាំក្បាលក្នុងធុងទឹក ទើបរត់ទៅដាស់ម្តាយឱ្យមើល ភ្លាមនោះម្តាយក៏បានស្ទុះឆោឡោ ទៅស្រង់កូនស្រីចេញពីក្នុងធុងទឹក។ ខណៈនោះនាងតូច ពុំបានដឹងខ្លួននោះឡើយ និងបានយកទៅមន្ទីរពេទ្យ តែជាអកុសលគ្រូពេទ្យបានប្រាប់ថាកុមារីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចមូលដ្ឋានបានចុះទៅកាន់ទីកន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការពិនិត្យជាក់ស្តែងរួចប្រគល់សពនាងតូច ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕