(ភ្នំពេញ)៖ ក្រោយពិធីបុណ្យគម្រប់ខួប៣ឆ្នាំរបស់នាយឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិរួចមកនោះ លោកស្រី ជា គង្គា ត្រូវជាភរិយា និងក្រុមគ្រួសារនៃសពទាំងអស់ បានគោរពថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នមួយចំនួន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប ដែលបានអញ្ជើញចូលរួមពិធីបុណ្យនៅគេហដ្ឋាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ជាពិធីបុណ្យខួបគម្រប់៣ឆ្នាំ របស់សពនាយឧត្ដមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្រោយទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៧៤ឆ្នាំ កាលពីថ្ងៃសៅរ៍ ០៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១៖២៧នាទី។

កម្មវិធីបុណ្យប្រារព្ធធ្វើនៅគេហដ្ឋាននាយឧត្តមសេនីយ៍ ដុម ហាក់ ដែលមានទីតាំងស្ថិតនៅក្នុង បុរីអ័រគីដេ ឌឹ ហ្គ្រេន ផ្លូវ២០០៤ គំរោង១ ផ្ទះលេខGA ៧ ផ្លូវលីលី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកស្រី ជា គង្គា និងក្រុមគ្រួសារទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលបានអញ្ជើញចូលរួមពិធីបុណ្យរួមមាន៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, លោកជំទាវ អាន្នី សម្តេចវិបុលបញ្ញា សុខ អាន, ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុង រដ្ឋលេខាធិការក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោនាយករដ្ឋមន្រ្តី, ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ តុល មេបញ្ជាការង បញ្ជាការដ្ឋានអង្គរក្ស, ឯកឧត្ដម យឹម ណុលឡា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, លោកជំទាវ ភរិយាទេសរដ្ឋមន្រ្តី ប៉ុល សារឿន, លោកជំទាវ សុងឡេង បូរ៉ា នាយិកាពិធីការសម្ដេចតេជោនាយករដ្ឋមន្ត្រី, ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរងក្រសួងការពារជាតិ តំណាងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងនាយឧត្តមសេនីយ៍ សំ វណ្ណថន និងឧត្តមសេនីយ៍ឯក សៅ សារឿន ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត ដែលខ្លះមិនបានអញ្ជើញមកចូលរួមផ្ទាល់ ប៉ុន្តែបានផ្ញើបច្ច័យចូលរួមពិធីបុណ្យផងដែ។

លោកស្រី ជា គង្គា ជាភរិយា និងក្រុមគ្រួសារនៃសព បានបង្ហាញអារម្មណ៍ថា ពិតជាទទួលបាននូវភាពកក់ក្ដៅយ៉ាងជ្រាលជ្រៅជាទីបំផុត នូវការយកចិត្តទុកដាក់ខ្ពស់ និងចំណាយពេលដ៏មានតម្លៃរបស់ថ្នាក់ដឹកនាំ ដែលបានចូលរួមពិធីបុណ្យគម្រប់ខួប៣ឆ្នាំរបស់នាយឧត្តមសេនីយ៍ ដុម ហាក់ ដែលបានចូលរួមបម្រើប្រទេសជាតិតាំងពីដើមមកនោះ។

លោកស្រីបានចាត់ទុកថា កាយវិការដ៏ប្រពៃខាងលើនេះ បានផ្តល់ឲ្យលោកស្រី និងក្រុមគ្រួសារនៃសព មានមោទនជាកិត្តិយសដ៏ធំធេង ដែលទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំទាំងអស់។ លោកស្រី ជា គង្គា ត្រូវជាភរិយា និងក្រុមគ្រួសារនៃសពនាយឧត្តមសេនីយ៍ ដុម ហាក់ សូមបួងសួងដល់វត្ថុសក្ដិសិទ្ធ ក្នុងលោកសូមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្តេច ព្រមទាំងគណៈប្រតិភូទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំក្លា អាយុយឺនយូរ ប្រាជ្ញាឆ្លាតវៃជានិច្ចនិរន្តរ៍តរៀងទៅ៕