(ភ្នំពេញ)៖ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញអំពីផែនការមេលម្អិត និងអ្វីដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងតែខិតខំប្រឹងប្រែងរៀងរាល់ថ្ងៃ ដើម្បីធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋរស់ នៅរាជធានីភ្នំពេញ និងជាយរាជធានីភ្នំពេញ ខ្វះខាតទឹកប្រើប្រាស់។

លោក ឡុង ណារ៉ូ បានអះអាងថា បច្ចុប្បន្ននេះ សម្រាប់តំបន់ដែលធ្លាប់តែខ្វះខាតទឹកប្រើប្រាស់ ដូចជានៅតំបន់ឈូកវ៉ា២ និងតំបន់កំបូល លែងមានបញ្ហាទៀតហើយ ពោលរដ្ឋាករទឹកបានរៀបចំប្រព័ន្ធផ្ដល់សេវា ជូនដល់ប្រជាពលរដ្ឋនៅតំបន់ទាំងពីរនេះ រួចរាល់កាលពីអំឡុងខែមេសា ឆ្នាំ២០២២កន្លងទៅនេះ ពោលនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ដូចអ្វីដែលខ្លួនធ្លាប់បានសន្យា។

លោកអគ្គនាយកបញ្ជាក់ទៀតថា សម្រាប់ផែនការមេរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើយ៉ាងណាពីមួយឆ្នាំទៅមួយឆ្នាំ មិនឲ្យមានការខ្វះខាតទឹក សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ។ លោកបន្ថែមថា ផែនការមេនេះ គ្រប់ដណ្ដប់ដល់ផ្ទៃដី៦៧០គីឡូម៉ែត្រការ៉េ ហើយក៏បានបូកបញ្ជូលតំបន់ព្រលានយន្ដហោះថ្មី និងតំបន់អរិយក្សត្រផងដែរ ខណៈបច្ចុប្បន្នផ្ទៃសេវា ដែលអាចផ្គត់ផ្គង់បាននោះ បានប្រមាណ៨៣-៨៥ភាគរយ។

លោកបន្ដទៀតថា ផ្ទៃសេវាផ្គត់ផ្គង់របស់រដ្ឋាករស្វយ័តក្រុងភ្នំពេញ សម្រាប់រាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២៥ខាងមុខ នឹងអាចឈានដល់៩៥ភាគរយ ឬ១០០ភាគរយ នៃផ្ទៃដី៦៧០គីឡូម៉ែត្រការ៉េនេះ លើកលែងតំបន់មួយចំនួន ដែលមិនមានបំពង់មេនាំទឹកទៅដល់។

បើតាមលោក ឡុង ណារ៉ូ ដើម្បីអាចមានលទ្ធភាពផ្គត់ផ្គង់ទឹក ជូនគ្រប់តម្រូវការរបស់អតិថិជនរហូតដល់ឆ្នាំ២០៣០។ ក្នុងនោះរោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតភូមិព្រែក ត្រូវបង្កើនសមត្ថភាពផលិតដល់ ១៩៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ពីឆ្នាំ២០២១ ទៅឆ្នាំ២០៣០ ត្រូវបានបែងចែកជា៣ដំណាក់កាល និងទៅតាមជំហ៊ាននីមួយៗ។

លោកបន្ថែមទៀតថា ផ្អែកលើការព្យាករណ៍តម្រូវការទឹកប្រើប្រាស់ក្នុងឆ្នាំ២០៣០ ដែលនឹងអាចកើនដល់ប្រមាណ១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលទាំងអស់នេះហើយ បានជារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់នូវគោលដៅ ដើម្បីពង្រីកសមត្ថភាពផលិត និងចែកចាយទឹកស្អាតបម្រើដល់ការផ្គត់ផ្គង់ទឹកស្អាត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រហូតដល់ឆ្នាំ២០៣០តែម្ដង៕

សូមស្ដាប់ការបកស្រាយរបស់លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖