(ភ្នំពេញ)៖ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានថ្លែងថា យ៉ាងហោចណាស់១ឆ្នាំទៀត អ្នកលក់ទឹកបន្តនៅក្នុង និងជាយរាជធានីភ្នំពេញ នឹងមិនមានទៀតនោះ ខណៈបច្ចុប្បន្ននេះអ្នកលក់ទឹកបន្តនៅរាជធានីភ្នំពេញ មានប្រមាណជាង៥ពាន់នាក់ ទៅតាមបណ្តារោងចក្រទាំងអស់ និងទីតាំងអាជីវកម្មផ្សេងៗ។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្លែងបែបនេះធ្វើឡើងនៅក្នុង សន្និសីទព័ត៌មានស្តីពី «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាត នៅភូមិសាស្ត្ររាជធានីភ្នំពេញ» នៅទីស្តីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ។

លោកបានគូសបញ្ជាក់ថា ការកាត់បន្ថយអ្នកលក់ទឹកបន្តនេះ ដោយសារតែសម្ពាធទឹករបស់រដ្ឋាទឹក អាចផ្គត់ផ្គង់បានគ្រប់គ្រាន់ នៅតាមតំបន់នានា ខណៈរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង គ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣។

លោកបានឱ្យដឹងផងដែរថា កន្លងមកសម្តេចតេជោ ហ៊ុន សែន បានកំណត់ឱ្យលក់ទឹកក្នុងតម្លៃ៧០០ ទៅ៨០០រៀលក្នុងមួយម៉ែត្រគូប សម្រាប់កម្មករ កម្មការិនី សិស្ស និងនិស្សិត ហេតុនេះរដ្ឋាករទឹកបានចេញជំនួស ៦៥០រៀលក្នុងមួយម៉ែត្រគូប។ ចាប់ពីខែមិថុនានេះតទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចាប់ផ្តើមចុះរៀបចំសារឡើងវិញ ចំពោះការលក់បន្តនៅតាមតំបន់នានា នៅក្នុងនិងជាយក្រុងភ្នំពេញ ដោយចាប់ផ្តើមពីតំបន់ផ្លូវវេងស្រេងមុនគេ និងតាមតំបន់រោងចក្រនៅជាយក្រុង ដើម្បីឱ្យពួកគេលក់ទឹកក្នុងតម្លៃមួយសមស្រប គឺ៨០០រៀលក្នុងមួយម៉ែត្រគូប មិនមែន២៥០០ ទៅ៣០០០រៀលដូចមុននោះទេ។

លោកមានប្រសាសន៍បន្តថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងខិតខំប្រឹងបន្តការវិនិយោគ លើការផ្គត់ផ្គង់ទឹកស្អាត ដើម្បីធ្វើណាឱ្យការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដោយមិនមានការរអាក់រអួល និងគ្រប់គ្រាន់តាមតម្រូវការ របស់អ្នកប្រើប្រាស់។

លោកបានគូសបញ្ជាក់ថា ការពង្រឹងទៅលើការវិនិយោគផ្គត់ផ្គត់ទឹកស្អាតនេះ ដោយសារប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលកំពុងប្រើប្រាស់ការតបណ្តាញទឹកពីរដ្ឋាករស្វ័យក្រុងភ្នំពេញប្រមាណ៩៩% មិនដែលខកខានក្នុងការបង់ថ្លៃទឹកនោះទេ ក្នុងនោះអ្នកដែលបង់ទាន់ ពេលវេលាកំណត់ មិនយឺតយ៉ាវមានប្រមាណ៩០% និងប្រមាណ៩%ទៀត ប្រើពេលតែមួយខែក្នុងការបង់ យឺតយ៉ាវដោយសារបញ្ហាផ្សេងៗ ។ ពោល គឺអ្នកប្រើប្រាស់ភាគច្រើន មិនខ្វល់ពីបញ្ហាបង់ថ្លៃទឹកនោះទេ តែធ្វើយ៉ាងណាឱ្យតែផ្គត់ផ្គង់ទឹក ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ។

លោកបានលើកឡើងបន្តថា «ការងារររបស់ខ្ញុំ ទិសដៅរបស់ខ្ញុំ គឺទឹកត្រូវតែមានទៅដល់គ្រប់អតិថិជនទាំងអស់គ្នា នៅក្នុងគោលដៅមានសម្ពាធប្រើប្រាស់គ្រប់គ្រាន់ ផ្គត់ផ្គង់គ្រប់គ្រាន់ មិនមានអ្នកណាមួយទិញទឹកបន្តទេ»

លោកអគ្គនាយកបានបញ្ជាក់ថា រដ្ឋាករទឹកនឹងព្យាយាមក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដល់ពលរដ្ឋគ្រប់គ្នា នៅក្នុងទីតាំងដែលរដ្ឋាករទឹកមានសម្ពាធប្រើប្រាស់គ្រប់គ្រាន់ ហើយចំពោះប្រជាពលរដ្ឋ ដែលគ្មានលទ្ធភាពបង់ថ្លៃ ច្បាប់ជាវទឹកប្រមាណជាង១០០ដុល្លារ ដើម្បីតបណ្តាញទឹកស្អាតប្រើប្រាស់ រដ្ឋាករស្វ័យក្រុងភ្នំពេញ មានមូលនិធិពិសេសមួយ ជួយដល់ពលរដ្ឋក្រីក្រ ទាំងនោះឱ្យមានលទ្ធភាពតបណ្តាញទឹកស្អាតប្រើប្រាស់។ ក្រុមការងាររបស់រដ្ឋាករទឹក នឹងចុះទៅវាយតម្លៃចំពោះពលរដ្ឋណា ដែលគ្មានលទ្ធភាពបង់ប្រាក់ជាវទឹក ទៅតាមកម្រិតខ្វះខាតរបស់អថិតិជន។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរំពឹងថា ចាប់ពីដើមឆ្នាំ២០២៣តទៅ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនឹ ងមិនប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ទៀតឡើយ បន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣។ គិតមកទាល់ពេលនេះ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី១ សម្រេចការសាងសង់បានជិត៧០%ហើយ៕