(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការ អោយអង្គភាពមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអន្តរាគមន៍ទប់ស្កាត់ ការកើតឡើងនូវជំងឺ មួយចំនួនដែលជាជំងឺមានហានិភ័យខ្ពស់ ដល់អាយុជីវិតប្រជាពលរដ្ឋ ប្រសិនបើមានការធ្វេសប្រហែស។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី ៣៦ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តកំពង់ចាម។

លោកអភិបាលខេត្តបានថ្លែងថា ដោយសារមានសមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើងអំពីបញ្ហាជំងឺ ៥ប្រភេទ តើមានហានិភ័យខ្ពស់ដល់សុខមាលភាពប្រជាពលរដ្ឋ ក្នុងនោះមានដូចជា៖ ជំងឺអុតស្វា, ជំងឺកូវីដ១៩, ជំងឺពងបែក, ជំងឺរលាកថ្លើមប្រភេទថ្មី និងជំងឺគ្រុនឈាម។

លោកអភិបាលខេត្តបន្តថា ជំងឺ៥ប្រភេទនេះ មានជំងឺមួយចំនួន ប្រជាពលរដ្ឋបានឆ្លងកាត់រួចមកហើយ ប៉ុន្តែក្នុងនោះមានប្រភេទជំងឺថ្មីៗ ដែលយើងមិនទាន់បានឆ្លងកាត់ ពិសេសដូចជាជំងឺអុតស្វាថ្មី ដែលកើតមាននៅបរទេស នៅឡើយ ហើយវាអាចរាលដាលមកដល់ប្រទេសយើង នោះប្រសិនបើយើងធ្វេសប្រហែស ពុំមានវិធានការទប់ស្កាត់។

ចំពោះជំងឺរលាកថ្លើមប្រភេទថ្មី ដែលមិនទាន់មានឈ្មោះ ត្រូវតែផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នផងដែរ។ ដោយឡែកចំពោះជំងឺគ្រុនឈាម ជាប្រភេទជំងឺមានហានិភ័យខ្ពស់ អាចកើតលើមនុស្សចាស់ និងក្មេង មិនអាចមើលស្រាលបានទេ ពោលប្រសិនបើកើតហើយមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលានោះ នឹងប្រឈមការបាត់បង់អាយុជីវិត។

លោកអភិបាលខេត្ត បានដាក់វិធានការមួយចំនួនដល់អង្គភាពសុខាភិបាលរដ្ឋបាលខេត្តដើម្បីអនុវត្តក្នុងនោះ៖

*ទី១៖ ត្រូវបង្កើនការផ្សព្វផ្សាយដល់គ្រប់ផ្នែកសុខាភិបាលតាមបណ្ដាស្រុក និងឃុំ គ្រប់មន្ទីរពេទ្យបង្អែក និងតាមគ្លីនិកឯកជន។

*ទី២៖ ត្រូវជំរុញនូវការបាញ់ថ្នាំសម្លាប់មូសខ្លា ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានការយល់ដឹង នឹងលុបបំបាត់ឲ្យអស់នូវកន្លែងដែលជាប្រភពបង្កឲ្យកើតមូសខ្លា។

ជាមួយគ្នានេះ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ប្រសិនបើមានកើតជំងឺគ្រុនឈាម ត្រូវចាំបាច់ប្រញាប់ទៅរកកាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែករបស់រដ្ឋ ឬតាមមណ្ឌលសុខភាព ជៀសវាងការទៅផ្សំថ្នាំពីគ្លីនិកឯកជន៕