(ភ្នំពេញ)៖ រាជធានីភ្នំពេញ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៥ ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។
ដោយគិតគូរ និងយកចិត្តទុកដាក់ពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វែងរកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ មកចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងជនបរទេសរស់នៅកម្ពុជា ចាប់ពីដូសមូលដ្ឋាន ដល់ដូសជំរុញ ដោយឥតគិតថ្លៃ ដោយមិនប្រកាន់គណបក្សនយោបាយនោះឡើយ។
ជាក់ស្ដែងរាជរដ្ឋាភិបាល បានផ្តល់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងអស់ ក្រុមគ្រូពេទ្យទាំងរដ្ឋ ទាំងឯកជន អ្នកសារព័ត៌មាន សិល្បៈករ សិល្បៈការនី ក្រុមអ្នកមានប្រព័ន្ធការពារខ្សោយ ឬមនុស្សវ័យ ៦០ឆ្នាំផងដែរ។ ការផ្តល់នេះ ដើម្បីធានាពីភាពស៊ាំក្នុងសហគមន៍ និងពុំមានពលរដ្ឋណាម្នាក់រងគ្រោះដោយសារជំងឺមួយនេះ។
សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងខាងលើនេះចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមខណ្ឌ សង្កាត់នានានៅរាជធានីភ្នំពេញ៕