(ភ្នំពេញ)៖ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាថ្មីម្តងទៀតបានអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ មានទឹកប្រើប្រាស់គ្រប់គ្រាន់ និងពិសេសអ្នកនៅដើមបំពង់ទឹក ត្រូវរួមគ្នាប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីបានលំហូរទឹកដល់បងប្អូន ដែលនៅកណ្ដាល និងចុងបំពង់ទឹកមានទឹកប្រើប្រាស់ដូចគ្នា។
ការអំពាវនាវយ៉ាងទទូចរបស់អគ្គនាយករូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។
លោក ឡុង ណារ៉ូ បានថ្លែងឲ្យដឹងថា នេះជាកត្តាសំខាន់ខ្លាំងបំផុត ចំពោះអ្នកនៅដើមបំពងទឹក ស្នើសុំរួមគ្នាសន្សំសំចៃការប្រើប្រាស់ទឹក ដើម្បីផ្ដល់ចរន្ដទឹកដល់អ្នកប្រើប្រាស់ ដែលនៅចំចំណុចកណ្ដាល និងចុងបំពង់ទឹក។ កន្លងមករដ្ឋាករទឹកស្វយ័ត បានសិក្សារអំពីបញ្ហានៃការប្រើប្រាស់ទឹក និងសន្សំសំចៃទឹកនេះជាច្រើនហូរហែរមកហើយ ដោយក្នុងនោះក៏បានចេញសេចក្ដី ជូនដំណឹងនានាដល់សាធារណជន ឲ្យអនុវត្តន៍ការសន្សំសំចៃទឹក ដែលមានចំនួន១១ចំណុច។
លោកបានបញ្ជាក់ថា «សម្រាប់ឆ្នាំនេះ ខ្ញុំសុំស្នើបងប្អូនប្រជាពលរដ្ឋ ដែលនៅដើមបំពង់ទឹក មេត្តាចូលរួមសន្សំសំចៃនៃការប្រើប្រាស់ទឹកឲ្យបានខ្លាំក្លា រយៈពេលមួយឆ្នាំនេះមានបញ្ហាកង្វះទឹកប្រើប្រាស់ បន្ទាប់ពីឆ្នាំនេះតទៅយើងនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់»។
លោកបានបន្ថែមថា សម្រាប់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់សេវារបស់រដ្ឋាករទឹកភ្នំពេញ គ្មានសមត្ថភាពតបណ្ដាញទឹក សុំមកជួបរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អង្គភាពនេះនឹងផ្ដល់លទ្ធភាពជូនដល់ប្រជាពលរដ្ឋ៕