(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស ដែលបានរត់ចេញពីមាតុភូមិនៅសម័យសង្គ្រាម អាចដាក់ពាក្យស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិ និងចុះឈ្មោះបោះឆ្នោតបាន។ ចំពោះអ្នកដែលចង់មកបោះឆ្នោត អាចមកចុះឈ្មោះបោះឆ្នោតនៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ ឯកអគ្គរាជទូត-រដ្ឋទូតនានាប្រចាំនៅកម្ពុជា ដែលរៀបចំដោយរដ្ឋសភា ស្តីពីដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ ឃោសនា និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) បានចាត់ទុកថា ការផ្តល់សិទ្ធិដល់ពលរដ្ឋខ្មែរនៅបរទេស ដែលរត់គេចពីសង្គ្រាម អាចសុំធ្វើអត្តសញ្ញាណសញ្ជាតិខ្មែរ គឺជាការប្រឹងប្រែងលើកស្ទួយលទ្ធិប្រជាធិបតេយ្យមួយបែបទៀត របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ត្រូវធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសផ្នែកអត្តសញ្ញាណកម្ម ដើម្បីសម្រួលការងារនេះ ក្រោយពីសម្ដេចបានលឺពីការលំបាករបស់ប្រជាពលរដ្ឋខ្មែរអាមេរិក។

លោកថ្លែងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យប្រជាជនខ្មែរជំនាន់ទី១ ទី២ និងទី៣ ដែលបានរត់ពីសង្គ្រាមស៉ីវិលកម្ពុជា អាចមានសិទ្ធិធ្វើអត្តសញ្ញាណបណ្ណខ្មែរ និងសុំសញ្ជាតិខ្មែរដោយផ្ទាល់បាន។

លោក សួស យ៉ារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «វាជាការផ្តល់ឱកាសដ៏ធំមួយ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ នេះជាការគាំទ្រធំធេងណាស់ របស់ប្រជាជនយើងជុំវិញពិភពលោក ក្នុងការបង្រួបបង្រួមខ្មែរ ដោយមិនប្រកាន់ពណ៌សម្បុរ និន្នាការនយោបាយនោះទេ»

លោកបន្ថែមថា «កាលពីមុន រាជរដ្ឋាភិបាលយើងអនុញ្ញាតឲ្យពួកគាត់ ធ្វើបានតែទិដ្ឋការរយៈពេលវែង មួយជីវិតប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះពួកគាត់ ត្រូវបានផ្តល់សិទ្ធិឲ្យបោះឆ្នោតបានទៀត ដែលបង្ហាញពីប្រជាធិបតេយ្យមួយទៀត។ ខ្ញុំនាមរដ្ឋសភា ខ្ញុំសប្បាយរីករាយជាខ្លាំង»

សូមជម្រាបថា ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា នាទីក្រុងវ៉ាស៉ីនតោន កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យធ្វើអត្តសញ្ញាណបណ្ណជូនខ្មែរនៅក្រៅប្រទេស។

ចំពោះការលើកឡើងពីក្រៅប្រទេសនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានលើកជាឧទាហរណ៍ជាក់ស្ដែងថា ការបោះឆ្នោតតាមប្រៃសណីយ៍មិនស្រួលនោះទេ សូម្បីតែអាមេរិកផ្ទាល់នេះ ក៏ជួបបញ្ហារួចមកហើយរហូតមានទំនាស់រវាង គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ របស់លោក ដូណាត្រាំ និងលោក ចូបៃ ឌិន ទៀតផង។

ចំណែកឯលោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ ដែលអាចបោះឆ្នោតបាន លុះត្រាតែមានអាយុ ១៨ឆ្នាំឡើងទៅ ហើយត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។ ការធ្វើបច្ចុប្បន្នភាព បញ្ជីឈ្មោះបោះឆ្នោត នឹងចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២២ខាងមុខ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បញ្ចប់ជាផ្លូវការ៕