(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជា បានបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ដូសទី៥ ជូនដល់ជនជួរ និងជនអាទិភាព នៅទូទាំងប្រទេស។ មន្ត្រីជំនាញសុខភាពសាធារណៈ បានអះអាងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ច្រើនដូស មិនបង្កទុក្ខទោសដល់សុខភាពនោះឡើយ បើចាក់បានត្រឹមត្រូវតាមពេលវេលាដែលក្រសួងសុខាភិបាលដាក់ចេញ។

ក្នុងឱកាសអញ្ជើញពិនិត្យដំណើរការចាក់វ៉ាក់សាំងដូសទី៥ នៅទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងដូសទី៥ បានចាប់ផ្តើមដំណើរការនៅទូទាំងប្រទេសតាមការគ្រោងទុក។

លោកស្រី បានឱ្យដឹងថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ។ លោកស្រី បានបញ្ជាក់ដូច្នេះ «វ៉ាក់សាំងរបស់យើងមានអត់ខ្វះទេ។ វ៉ាក់សាំងដែលយើងមាននៅក្នុងដៃបច្ចុប្បន្ននេះ គឺជាង ៩លានដូស ដែលយើងមាននៅក្នុងឃ្លាំង ហើយចំនួនវ៉ាក់សាំងនេះ គឺគ្រប់គ្រាន់សម្រាប់ផ្តល់ជូនទៅបងប្អូនប្រជាពលរដ្ឋទាំងដូសទី៣ ទាំងដូសទី៤ និងដំណើរការចាក់ដូសទី៥ នាពេលបច្ចុប្បន្ននេះផងដែរ»

ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា និងគ្រួសារ ព្រមទាំងមន្ត្រី បុគ្គលិកបម្រើការងារនៅព្រឹទ្ធសភា ក៏ជាជនអាទិភាពដែលត្រូវទទួលវ៉ាក់សាំងដូសទី៥នេះផងដែរ។ ក្នុងពិធីបើកយុទ្ធនាការចាក់ដូសទី៥ នៅព្រឹទ្ធសភានេះ ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយសមាជិក សមាជិកាព្រឹទ្ធភា និងក្រុមគ្រួសារ ព្រមទាំងមន្ត្រី និងបុគ្គលិកបម្រើការងារនៅព្រឹទ្ធសភា បានអញ្ជើញមកទទួលវ៉ាក់សាំងនេះផងដែរ។

វ៉ាក់សាំងប្រើសម្រាប់ចាក់ដូសជំរុញទី៥ ជាប្រភេទ Pfizer ដែលផលិតនៅអាមេរិក។ បើទោះបីមានវ័យចំណាស់បន្តិចយ៉ាងណាក្តី តែថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា និងក្រុមគ្រួសារ មិនមានការព្រួយបារម្ភពីផលប៉ះពាល់កើតចេញពីការចាក់ដូសជំរុញនេះឡើយ បើទោះបីចាក់ច្រើនដូសក្តី។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ព្រោះថាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ផ្តល់ភាពសុាំមិនបានយូរដូចវ៉ាក់សាំងដទៃនោះឡើយ។

«យើងនឹងមានការចាក់ជាបន្តបន្ទាប់ទៀត មូលហេតុអ្វី? មូលហេតុដោយសារវ៉ាក់សាំងនេះ វាមិនបានផ្តល់ភាពសុាំបានយូរដូចវ៉ាក់សាំងផ្សេងៗទៀតនោះទេ»។ លោកស្រី ឱ វណ្ណឌីន គូសបញ្ជាក់។

ពាក់ព័ន្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ច្រើនដូសនេះ លោកស្រី ឱ វណ្ណឌីន បានអះអាងថា វាមិនបង្កបញ្ហាដល់សុខភាពនោះឡើយ។

លោកស្រី បានអះអាងដូច្នេះ «បើសិនបងប្អូនអនុវត្តន៍ឱ្យបានត្រឹមត្រូវទៅតាមវេន ទៅតាមពេលវេលា ដែលមានការជម្រាបជូន ដែលមានការផ្សព្វផ្សាយជូន ដែលមានការពន្យល់ជូនដល់បងប្អូនយើងទាំងអស់ នៅពេលដល់វេនបងប្អូនអញ្ជើញមកចាក់ នេះមិនមែនជាការធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូនទេ។ វ៉ាក់សាំងជាឧបករណ៍ជួយសង្គ្រោះអាយុជីវិតបងប្អូន ហើយបទពិសោធន៍ក្នុងការប្រើប្រាស់វ៉ាក់សាំងកន្លងទៅនេះ គឺអាចលុបបំបាន់ជំងឺជាច្រើន»

កម្ពុជា បានទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរយៈពេលប្រមាណជាមួយខែហើយ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបានអះអាងថា ជាឧបករណ៍ដ៏សំខាន់ជួយទប់ស្កាត់មិនឱ្យមានការរីករាលដាលជំងឺកូវីដ១៩នេះ។

ដើម្បីធានាការពារមិនឱ្យជំងឺកូវីដ១៩ បន្តរីករាលដាលទៅទៀត រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញជាបន្តបន្ទាប់។ មកដល់ពេលនេះកម្ពុជា សម្រេចចាក់ដូសជំរុញទី៣ បានជាង៩លាននាក់ ដូសទី៤ បានជាង២លាននាក់។

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងដូសជំរុញទៅតាមផែនការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយក៏អំពាវនាវដល់អាជ្ញាធរមូលដ្ឋានចូលរួមជំរុញពលរដ្ឋឱ្យទៅទទួលវ៉ាក់សាំងបន្តទៅទៀត ដើម្បីធានាបានការមិនរីករាលដាលនៃជំងឺកូវីដ១៩បន្តទៅទៀត៕