(កោះកុង)៖ រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពិភាក្សារកទីផ្សារលក់ដូផលិតផលកសិកម្ម ឲ្យទទួលបានផលខ្ពស់ ក្រោយមានការធ្លាក់ចុះ។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក សុខ សិទ្ធី អភិបាលរងខេត្ត និងចូលរួមពីមន្ទីរពាក់ព័ន្ធ រួមទាំងម្ចាស់កសិកម្មផងដែរ។
លោក សុខ សទ្ធី អភិបាលរងខេត្ត បានលើកឡើងថា ផលិតផលកសិកម្មដែលផលិតចេញពីទីតាំងដែលមានលក្ខណៈអំណោយផលពីធម្មជាតិ គួបផ្សំនឹងការធ្វើចំការលក្ខណៈធម្មជាតិ បានធ្វើឱ្យផលិតផលផ្លែឈើរបស់ខេត្តកោះកុង មានឱជារសឈ្ងុយឆ្ងាញ់ជាប់ចិត្ត មិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន និងបានធ្វើឱ្យផលិតផលកសិកម្មរបស់ខេត្តបង្ហាញច្បាស់នូវអត្តសញ្ញាណផលិតផលរបស់ខ្លួនប្រកបទៅដោយគុណភាពខ្ពស់។
ទន្ទឹមនឹងនេះ ពេលវេលានេះ រដូវកាលផ្លែឈើខេត្តកោះកុង ជាពិសេសផ្លែទុរេន មង្ឃុត សាវម៉ាវ របស់ខេត្តកោះកុង ក៏បានឈានចូលមកដល់ផងដែរ។
លោកអភិបាលរងបានបន្តថា ដើម្បីជាការលើកទឹកចិត្តប្រជាកសិករ អំពីផលិតផលកសិកម្មរបស់ខេត្តកោះកុង គឺជាការនាំបងប្អូនប្រជាពលរដ្ឋសាធារណជន ស្គាល់រសជាតិពិតប្រាកដ នៃផ្លែឈើដែលជាទិន្នផលរបស់អ្នកខេត្តកោះកុង និងជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តកោះកុង ដែលមានលោកស្រី មិថុនា ភូថង ជាអភិបាលខេត្ត។
លោកស្រីបានណែនាំ និងអនុញ្ញាតឱ្យលោក រៀបចំកិច្ចប្រជុំពិភាក្សាជាមួយអ្នកពាក់ព័ន្ធ រួមមាន៖ តំណាងប្រជាកសិករខេត្តកោះកុង មន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីរព័ត៌មាន សភាពាណិជ្ជកម្មខេត្តកោះកុង រដ្ឋបាលស្រុក ឃុំ និងអ្នកពាក់ព័ន្ធ ដើម្បីធ្វើឱ្យទីផ្សារផលិតផលកសិកម្មរបស់ខេត្តកោះកុងកាន់តែទូលំទូលាយ និងធ្វើការបានណែនាំឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ផុលផុសអំពីផលិតផលកសិកម្មរបស់ខេត្តកោះកុង ដើម្បីឱ្យសាធារណជនបានស្គាល់និងបានភ្លក់រស់ជាតិ។
ជាមួយគ្នានេះ លោកក៏បានស្នើសុំឱ្យបងប្អូនប្រជាកសិករទាំងអស់ សូមរក្សាអំពីគុណភាពផលិតផលរបស់ខ្លួន ប្រកបដោយសុច្ចរិតភាព មិនក្លែងបន្លំផលិតផល ដើម្បីរក្សាគុណតម្លៃ និងកេរ្តិ៍ឈ្មោះផលិតផលរបស់ខេត្តកោះកុង ឱ្យបានល្បីល្បាញជានិរន្ត៕