(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងផែនការងារនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនជាតិថៃចំនួន៣នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ការបង្ក្រាបនេះ បានធ្វើឡើងនៅចំណុចមុខអាគារបុគ្គលិកកាស៊ីណូស្នាក់នៅ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មុនដំបូងកម្លាំងនគរបាលបានឃាត់ជនសង្ស័យ២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ កៀតតិគុណ ថងខាំ ហៅក្រៅ ប៉េត អាយុ២៥ឆ្នាំ ជនជាតិថៃ
*ទី២៖ ឈ្មោះ ណាត់ថាវាត់ ស៉ិរ៉ាកែវ ហៅក្រៅ ឆានុណ អាយុ២២ឆ្នាំ ជនជាតិថៃ ដោយដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន៧ថង់។
ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង, កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀន បានបន្តឃាត់ខ្លួនមេខ្លោងបានម្នាក់ទៀតឈ្មោះ ផានុវាត់ អកតាក់ឡាត ហៅក្រៅ អប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ នៅក្នុងអគារស្នាក់នៅរបស់បុគ្គលិក ជាន់ទី២ បន្ទប់លេខA5 និងឆែកឆេរ រកឃើញម្សៅក្រាមសថ្លា ចំនួន១២១ថង់ផងដែរ។
សូមបញ្ជាក់ថា កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀន បាននាំខ្លួនជនសង្ស័យមកការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ និងស្នើសុំឃាត់ខ្លួនបន្តរកមុខសញ្ញាពាក់ព័ន្ធតាមនីតិវិធី។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា កម្លាំងនគរបាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៣នាក់ និងវត្តុតាងទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕