(ភ្នំពេញ)៖ យ៉ាងហោចណាស់មាន គណបក្សនយោបាយចំនួន៩ ក្នុងចំណោម១៧ គណបក្ស ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ទទួលបានអាសនៈក្រុមប្រឹក្សា។ នេះបើតាមការបញ្ជាក់របស់ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ ឯកអគ្គរាជទូត-រដ្ឋទូតនានាប្រចាំនៅកម្ពុជា ដែលរៀបចំដោយរដ្ឋសភា ស្តីពី ដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ដូច្នេះថា «ក្នុងចំណោមគណបក្សប្រកួតប្រជែងចំនួន១៧ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បើយោងតាមលទ្ធផលបឋម យ៉ាងហោចណាស់មានបក្សនយោបាយ ៩ ដែលទទួលបានអាសនៈ ក្រុមប្រឹក្សាឃុំសង្កាត់ ដែលនេះជាការឆ្លុះបញ្ចាំង ដំណើរការប្រជាធិបតេយ្យ នៅកម្ពុជាយ៉ាងប្រាកដ»

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ត្រូវបានវាយតម្លៃថា ដំណើរការទៅដោយរលូន ស្ងប់ស្ងាត់ គ្មានអំពើហិង្សា តម្លាភាព និងយុត្តិធម៌។ ការបោះឆ្នោតនេះ មានប្រជាពលរដ្ឋបានទៅបោះឆ្នោតប្រមាណជាង ៨០ភាគរយ ស្មើនឹង៧.៣លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីសរុបជាង៩.២លាននាក់។

លោក ឌឹម សុវណ្ណារុំ បានចាត់ទុកថា ចំនួនអ្នកបោះឆ្នោតបណ្តោះអាសន្ន មានប្រមាណ ៨០% ដែលគូសបញ្ជាក់ពីការចូលរួមយ៉ាងសកម្ម និងការជឿទុកចិត្ត នៃពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោត ខណៈដែលអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើន បានធ្វើជាសាក្ស៉ី ក្នុងដំណើរការបោះឆ្នោត ដែលត្រូវបានរៀបចំឡើងដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ។

លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ ឃោសនា និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) ដែលដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នេះ បានចាត់ទុកថា ពេលគណបក្សផ្សេងៗទៀត ក៏ទទួលបានសំឡេង នៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ដែរនោះ វាជាការរីកចម្រើនមួយដ៏ធំបំផុត នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

លោកបន្តថា លទ្ធិប្រជាធិបតេយ្យបានចាក់កាន់តែជ្រៅ នៅក្នុងសង្គមកម្ពុជា ហើយប្រជាពលរដ្ឋសប្បាយរីករាយ នឹងលទ្ធិប្រជាធិបតេយ្យនេះ ដោយពួកគាត់រំពឹងថា រយៈពេល ៥ឆ្នាំម្តង ពួកគាត់បានជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត៕